សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងការចូលរួមអបអរសាទរចំពោះភាពជោគជ័យ នៃសមាជបក្សលើកទី ១៤ របស់វៀតណាម
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងការចូលរួមអបអរសាទរចំពោះភាពជោគជ័យ នៃសមាជបក្សលើកទី ១៤ របស់វៀតណាម និងបានអបអរសាទរចំពោះ ឯកឧត្តម តូ ឡឹម ត្រូវបានជ្រើសតាំងឡើងវិញជាអគ្គលេខាធិការ នៃកិច្ចប្រជុំពេញអង្គលើកទី ១ នៃគណៈកម្មាធិការកណ្តាលបក្ស នីតិកាលទី ១៤។
ការថ្លែងអបអរសាទរនេះធ្វើឡើងខណៈពេល សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលជួបសម្តែងការគួរសម និងអបអរសាទរ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការកណ្ដាលបក្សកុម្មុយនិស្តវៀតណាម នៅទីក្រុងហាណូយ កាលពីរសៀលថ្ងៃចន្ទ ៨ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦។
ឯកឧត្ដម តូ ឡឹម បានគោរពថ្លែងអំណរគុណដល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះសារអបអរសាទរចំពោះភាពជោគជ័យ នៃសមាជជាតិលើកទី ១៤។
ឯកឧត្តម បានសម្តែងការកោតសរសើរជាពិសេសចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា មកកាន់ប្រទេសវៀតណាម ដើម្បីអបអរសាទរដោយផ្ទាល់ ដោយហៅដំណើរទស្សនកិច្ចនេះថាជាការបង្ហាញយ៉ាងច្បាស់ នៃមិត្តភាពប្រពៃណី និងសាមគ្គីភាពជិតស្និទ្ធរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ។
ឯកឧត្តម បានកត់សម្គាល់ថា សមាជបក្សលើកទី ១៤ គឺជាការចាប់ផ្តើម នៃយុគសម័យអភិវឌ្ឍន៍ថ្មីមួយសម្រាប់ប្រទេសវៀតណាម ក្រោមបាវចនា «សាមគ្គីភាព ប្រជាធិបតេយ្យ វិន័យ វឌ្ឍនភាព និងការអភិវឌ្ឍ»។
ឯកឧត្តម មានប្រសាសន៍ថា សមាជនេះ បានបង្ហាញពីឆន្ទៈដ៏មុតមាំ ឯកភាពជាតិ និងសេចក្តីប្រាថ្នារបស់ប្រទេសវៀតណាម ក្នុងការកសាងប្រទេសមួយប្រកបដោយសន្តិភាព ឯករាជ្យ វិបុលភាព និងសុភមង្គល ខណៈពេលដែលកំពុងកំណត់គោលដៅ និងចក្ខុវិស័យជាតិរយៈពេលវែង។
ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត បានអបអរសាទរចំពោះភាពជោគជ័យ នៃសមាជបក្សលើកទី ១៤ របស់វៀតណាម និងបានអបអរសាទរចំពោះ ឯកឧត្តម ត្រូវបានជ្រើសតាំងឡើងវិញជាអគ្គលេខាធិការ នៃកិច្ចប្រជុំពេញអង្គលើកទី ១ នៃគណៈកម្មាធិការកណ្តាលបក្ស នីតិកាលទី ១៤។
សម្តេច បានកោតសរសើរសមិទ្ធផលយ៉ាងទូលំទូលាយរបស់ប្រទេសវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម តូ ឡឹម ដោយលើកឡើងពីកំណែទម្រង់រដ្ឋបាល ភាពជោគជ័យ នៃសេចក្តីសម្រេចរបស់សមាជបក្សលើកទី ១៣ កំណើនសេដ្ឋកិច្ចរឹងមាំ និងការកែលម្អស្តង់ដារជីវភាព៕
