ស្ថានភាពខ្យល់ពុលនៅប្រទេសថៃ កំពុងធ្ងន់ធ្ងរ បានឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហម
ស្ថានភាពខ្យល់ពុលនៅប្រទេសថៃ កំពុងធ្ងន់ធ្ងរ ដោយនៅព្រឹកថ្ងៃអង្គារទី២៧ខែមករាឆ្នាំ២០២៦ វាបានឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហម ដែលប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស។
តាមការផ្សាយរបស់ Bangkok Post ដែលដកស្រង់ទិន្នន័យពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រព័ត៌មាននិងលំហនៃប្រទេសថៃ (Gistda), គិតត្រឹមម៉ោង៨ព្រឹក ទីក្រុងបាងកកនិងខេត្តចំនួន១៩ ត្រូវគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ខ្លាំង ក្នុងនោះខេត្ត Samut Sakhon ជាកន្លែងធ្ងន់ធ្ងរជាងគេ ដោយកំហាប់ភាគល្អិត PM2.5 ហក់ឡើងដល់១១៦.៤មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ឯណោះ។
ខេត្តផ្សេងទៀត ដែលរងគ្រោះខ្លាំងដោយ PM2.5 កម្រិតធ្ងន់ធ្ងរមានដូចជា៖ Samut Songkhram១០៨.៩ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់, Nonthaburi ១០២.៨មីក្រូក្រាម, Samut Prakan ១០២.៨មីក្រូក្រាមដូចគ្នា និង Nakhon Pathom ១០១.៤មីក្រូក្រាម ចំណែកបាងកក ១០៤.៧មីក្រូក្រាម។
មុននេះ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានព្រមានរួចហើយថា នៅខែក្រោយ ពោលគឺចាប់ពីថ្ងៃទី១ដល់ទី៤ខែកុម្ភៈ រាជធានីនៃប្រទេសថៃមួយនេះ នឹងត្រូវខ្យល់ពុលកម្រិតគ្រោះថ្នាក់ គ្របដណ្តប់។
ដោយសារតែមើលឃើញស្ថានការណ៍មិនស្រួល លោក Chadchart លើកឡើងថា បើខ្យល់ពុលអត់ធូរស្រាលទេ រដ្ឋបាលក្រុងនឹងស្នើក្រុមហ៊ុនទាំងឡាយមេត្តាយោគយល់ ហើយអនុញ្ញាតឲ្យបុគ្គលិកធ្វើការពីផ្ទះមួយរយៈសិន ដើម្បីកាត់បន្ថយការបំពុល។
សូមជម្រាបជាថ្មី មួយឆ្នាំៗ ប្រជាជនថៃរាប់លាននាក់ កើតជំងឺដោយសារខ្យល់ពុល ខណៈយោងតាមទិន្នន័យក្នុងឆ្នាំ២០២៥ ប្រជាជនថៃរហូតដល់ទៅជាង ១០លាននាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដោយសារតែឥទ្ធិពល PM2.5។
ក្នុងចំណោមមនុស្សទាំងជាង១០លាននាក់នោះ ភាគច្រើនមានបញ្ហាផ្លូវដង្ហើម ដូចជាជំងឺហឺតនិងជំងឺស្ទះសួតរ៉ាំរ៉ៃ ហើយអ្នកខ្លះមានឡើងកន្ទួលលើស្បែកនិង បញ្ហាភ្នែក។ ក្នុងករណីធ្ងន់ធ្ងរបំផុត អ្នកជំងឺផ្លូវដង្ហើមខ្លះ ត្រូវការជំនួយពីម៉ាស៊ីនដកដង្ហើមជាចាំបាច់ដើម្បីរស់ ហើយខ្លះឈានដល់ការជំងឺមហារីកសួតតែម្តង៕
