កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ

(ភ្នំពេញ)៖ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោល​ដៅ ២០ពាន់លានដុល្លារ។ ការប្តេជ្ញាបានធ្វើឡើង ក្នុងជំនួបរវាងសម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជិញ (PHAM Minh Chinh)នាយករដ្ឋមន្ត្រីវៀតណាម នៅវិមាន៧មករា នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ក្នុងជំនួបនោះ សម្ដេចមហាបវរធិបតី បានសម្ដែងក្ដីសោមនស្សរីករាយ និងការស្វាគមន៍​យ៉ាងកក់​ក្ដៅជូនចំពោះលោក ផាម មិញជិញ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួម​កិច្ចប្រជុំកំពូលបីគណបក្ស​លើកទី៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកិច្ចប្រជុំលើក​ទី៣ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ទីក្រុងហូជីមិញ ប្រទេស​​វៀតណាម។

ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, ប្រមុខ​រដ្ឋាភិបាល​នៃប្រទេសទាំងពីរ​ បានវាយតម្លៃខ្ពស់​ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ នាពេល​កន្លង​មក សំដៅការជំរុញនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ដែលស្របទៅនឹងទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង»។

ប្រមុខរដ្ឋាភិបាលទាំងពីរ​ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីការពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិការ​ឱ្យកាន់តែរីក​ចម្រើន​បន្ថែមទៀត​ លេីវិស័យ​សំខាន់​ៗ រួមមាន​ជាអាទិ៍​៖ នយោ​បាយការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការពារ​ជាតិនិង​សន្តិសុខ​,​ ថាមពល,​ អប់រំ​ និង​បណ្តុះបណ្តាល​,​ ទេសចរណ៍​,​ វប្បធម៌​ និង​ការតភ្ជាប់ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹ​កជញ្ជូន ពិសេសការតភ្ជាប់ផ្លូវ​ល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន​ហូជីមិញ-ម៉ុកបាយ​ រវាងប្រទេសទាំងពីរ​។ ប្រមុខ​រាជរដ្ឋាភិបាល​ទាំងពីរ​ ក៏បាន​ប្តេជ្ញា​បន្ត​ជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ ២០ពាន់លានដុល្លារ នាពេល​ខាងមុខ​ និង​ជំរុញកិច្ចសហប្រតិបត្តិការបណ្តាខេត្តជាប់ព្រំដែន​ ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្មឆ្លងដែន, ការ​ជួញដូរមនុស្ស,​ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដេីម ដេីម្បី​ប្រែក្លាយតំបន់ព្រំដែន​ ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការ​អភិវឌ្ឍ។

ប្រមុខ​រាជរដ្ឋាភិបាល​ទាំងពីរ​ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់​នៃការជំរុញទំនាក់​ទំនង​រវាងយុវជនជំនាន់ក្រោយ នៃប្រទេសទាំងពីរ​ ឱ្យស្វែងយល់ពីគ្នា​ ក៏ដូចជាសិក្សាអំពី​ប្រវត្តិ​សាស្ត្រ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្លាប់ឆ្លងកាត់៕

អត្ថបទដែលជាប់ទាក់ទង