សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍លោក ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ក្នុងឱកាសដែលលោក និងគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃ។
ពិធីបដិសណ្ឋារកិច្ចស្វាគមន៍ លោក ថងលុន ស៊ីសុលីត(Thongloun Sisoulith) ត្រូវបានធ្វើឡើងនៅព្រះបរមរាជវាំង ដោយមានការទទួលដោយកងកិត្តិយសត្រែទ័ព ជាមួយការគោរពភ្លេងជាតិឡាវ និងភ្លេងជាតិកម្ពុជា ទៅតាមលំនាំនៃការទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូនថ្នាក់ដឹកនាំនានា ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
សូមបញ្ជាក់ថា តាមទម្លាប់នៃពិធីការ ការទទួលប្រមុខរដ្ឋនៃប្រទេសជាមិត្ត តែងយាងបដិសណ្ឋារកិច្ចដោយព្រះមហាក្សត្រខ្មែរនៅព្រះបរមរាជវាំង។ តែដោយព្រះមហាក្សត្រ ព្រះអង្គទ្រង់ប្រឈួន ទើបព្រះអង្គព្រះបរមរាជានុញ្ញាតជូនសម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើបដិសណ្ឋារកិច្ចជំនួសទាំប្រមុខរដ្ឋឡាវ និងអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម៕
