សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ សង្ឃឹមថាប្រទេសកម្ពុជានឹងឆ្លងផុតការលំបាកក្នុងពេលឆាប់ៗខាងមុខនេះ
ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសង្ឃឹមថាស្ថានការលំបាកទាំងឡាយនឹងផុតរលត់ទៅនៅពេលឆាប់ៗខាងមុខ ធ្វើឱ្យកម្ពុជាបោះជំហានទៅមុខរឹងមាំដោយស្មារតីសាមគ្គីភាព។
ក្នុងសារលិខិតក្នុងឱកាសទិវាជាតិ សុខភាពមាតា និងទារក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណចំពោះកងទ័ព ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ដែលបានលះបង់ការពារអធិបតេយ្យជាតិ ការពារអាយុជីវិតពលរដ្ឋ ជាពិសេសជនភៀសសឹកនៅតាមជំរំភៀសសឹកនានា។
សម្ដេចថា៖ «ប្រការទាំងអស់នេះ បានបង្ហាញឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព គុណតម្លៃនៃកម្លាំងសាមគ្គីភាពជាធ្លុងមួយ ពួតដៃគ្នាយ៉ាងរឹងមាំដើម្បីជាតិមាតុភូមិយើង»។
ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចបានលើកឡើងថាដើម្បីឈានដល់សម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។ ពលរដ្ឋគ្រប់រូបក៏ដូចជារដ្ឋាភិបាលត្រូវរួមគ្នាវិនិយោគធនធាន និងប្រឹងប្រែងក្នុងការលើកកម្ពស់ ប្រព័ន្ធថែទាំសុខភាព និងសេវាថែទាំសុខភាពជាសកល ដោយចាត់ទុកពលរដ្ឋជាទ្រព្យធនយុទ្ធសាស្ត្រ។
សម្ដេចថា៖ «អនាគតប្រទេសជាតិយើង ត្រូវពឹងផ្អែកទៅលើទារក កុមារ និងយុវជន ជំនាន់ក្រោយនេះហើយ! ដូចនេះ យើងត្រូវតែនាំគ្នាថែទាំពួកគាត់ឱ្យបានល្អជាទីបំផុត»។
សម្ដេចសង្ឃឹមថាប្រទេសកម្ពុជានឹងឆ្លងផុតការលំបាកក្នុងពេលឆាប់ៗខាងមុខនេះ និងអាចបោះជំហានទៅមុខយ៉ាងរឹងមាំដោយស្មារតីសាមគ្គីភាព និងជួយដល់ការលើកកម្ពស់សុខភាពមាតា និងទារកឱ្យកាន់តែប្រសើរឡើង បន្តស្ថិតនៅជាស្មារតីរបស់ពលរដ្ឋម្នាក់ៗក្នុងការចូលរួមចំណែកដើម្បីឧត្ដមប្រយោជន៍ជាតិមាតុភូមិ៕
