ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez នៅឯវិមានក្រឹមឡាំង

(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez កាលពីថ្ងៃពុធសប្តាហ៍នេះនៅឯវិមានក្រឹមឡាំង ជាទីដែលលោកបាននិយាយថា ការរឹតបន្តឹងថ្មីរបស់សហរដ្ឋចំពោះគុយបា គឺមិនអាចទទួលយកបាន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦។

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS លោក ពូទីន បានប្រាប់រដ្ឋមន្រ្តីការបរទេសគុយបា លោក​ Rodriguez យ៉ាងដូច្នេះថា «ឥឡូវនេះ គឺជារយៈពេលពិសេសមួយនៃការដាក់ទណ្ឌកម្មថ្មី។ ថាអ្នកដឹងទេថាយើងមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះ? យើងមិនទទួលយកឡេីយ»។​ លោក ពូទីន បាននិយាយទៀតថា ទំនាក់ទំនងរវាងរុស្ស៉ី និងគុយបា​ កំពុងអភិវឌ្ឍនៅលើផ្លូវវិជ្ជមាន។

នៅក្នុងជំនួបដាច់ដោយឡែកមួយកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បានប្រាប់សមភាគីគុយបាថា ទីក្រុងមូស្គូកំពុងជំរុញសហរដ្ឋអាមេរិក កុំឱ្យបិទខ្ទប់កងទ័ពជើងទឹកទាំងស្រុងលេីគុយបា ហើយតស៊ូមតិរកការចរចាជំនួសវិញ។ ប៉ុន្តែ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង ត្រូវបានដកស្រង់សម្តីដោយ TASS កាលពីថ្ងៃពុធថា ទីក្រុងមូស្គូមិនបានពិភាក្សាអំពីបញ្ហាគុយបា​ ជាមួយទីក្រុងវ៉ាស៉ីនតោននោះទេ៕

អត្ថបទដែលជាប់ទាក់ទង