អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងពិធីអបអរសាទរទិវិជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី១១ ក្នុងខេត្តកំពង់ចាម អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានក្រើនរំលឹកឲ្យមន្ត្រីតាមបណ្ដាមន្ទីរ អង្គភាព ក៏ដូចជាប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ និងបានដាក់ចេញវិធានការមួយចំនួន ដើម្បីបង្ការ នៃគ្រោះអគ្គិភ័យនេះផងដែរ។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា រាជរដ្ឋាភិបាល បានកំណត់ជារៀងរាល់ឆ្នាំយកថ្ងៃទី២២ កុម្ភៈ ជាទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ដើម្បីជាការ ក្រើនរំព្ញកឱ្យយើងទាំងអស់គ្នាមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះ គ្រោះថ្នាក់ ដែលបង្ករឡើងដោយអគ្គិភ័យ ព្រោះថា អគ្គិភ័យវាអាចបង្កមហន្តរាយដ៏ធំធេងបណ្តាលឱ្យខូចខាត និងបាត់បង់នូវសម្ភារថវិកា ទ្រព្យសម្បត្តិផ្សេងៗទៀតដែលយើងបានខិតខំកសាងកន្លងមក ធ្វើឱ្យប៉ពាល់ដល់សេដ្ឋកិច្ច គ្រួសារ សហគមន៍ និងសង្គមជាតិ ទៅតាមទំហំនៃការបផ្លិចបំផ្លាញរបស់វា ប្រសិនបើយើងមានការធ្វេសប្រហែស។

អភិបាលខេត្ត បានរំលឹកផងដែរថា ក្នុងឆ្នាំ២០២៥កន្លងមក ករណីអគ្គិភ័យមានរហូតដល់ទៅ ៤៩លើក បើធៀបក្នុងឆ្នាំ២០២៤ មានការកើនឡើងចំនួន ១៨លើក បណ្ដាលឱ្យមានមនុស្សស្លាប់២នាក់ រងរបួស៥នាក់ និងខូចខាត ជាទឹកប្រាក់ជាង ១លាន៩២ម៉ឺនដុល្លារ។ ដូច្នេះដើម្បីចៀសផុតនូវភ័យន្តរាយនៃគ្រោះអគ្គិភ័យ ក៏ដូចជាបណ្ដាគ្រោះថ្នាក់ផ្សេងៗដទៃទៀត ក្នុងនាមអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាព រដ្ឋបាលខេត្ត សូមដាក់ចេញ នូវវិធានការណ៍ និងធ្វើការណែនាំ ជាជំនួយស្មារតី ដល់ការត្រៀមបង្ការ និងពន្លត់ អគ្គិភ័យដូចខាងក្រោម៖

*ទី១៖ សូមបងប្អូនប្រជាពលរដ្ឋ បងប្អូនជានិយោជក និងយុវជនគ្រប់រូប ត្រូវមានស្មារតី ប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គិភ័យឱ្យបានគ្រប់គ្នា ព្រោះការងារបង្ការ ទប់ស្កាត់ គ្រោះអគ្គិភ័យ មិនមែនជាកាតព្វកិច្ចរបស់នរណាម្នាក់នោះទេ ប៉ុន្តែវាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។

*ទី២៖ នៅគ្រប់លំនៅឋានរបស់បងប្អូនទាំងអស់គ្នាត្រូវតែមានឧបករណ៍បង្ការពន្លត់អគ្គិភ័យ និងត្រូវត្រៀមឧបករណ៍ សម្ភារសាមញ្ញៗដូចជាភួយក្រាស់ៗ ខ្សាច់ មានទឹកបម្រុងទុកពេញពាង បើមានទុយោទឹក ម៉ូទ័របូមទឹក ម៉ាស៊ីនបូមទឹកកាន់តែប្រសើរ សម្រាប់ពន្លត់នៅពេលដែល មានភ្លើង ឆេះគ្រាដំបូង។

*ទី៣៖ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បំផុតនូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើង ចង្ក្រាន ការដុតទៀន-ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស) ជាដើម។

*ទី៤៖ ពេលដែលមានគ្រោះអគ្គិភ័យផ្សេងៗកើតឡើង សូមបងប្អូនទាំងអស់គ្នាប្រញាប់ផ្តល់ ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបងប្អូនបំផុត ដើម្បីសមត្ថកិច្ច ជំនាញជួយអន្តរាគមន៍បានទាន់ពេល វេលានិងមានប្រសិទ្ធភាព។

*ទី៥៖ គ្រប់សំណង់ធំ ដែលចាប់ផ្តើមសាងសង់ត្រូវមានប្លង់អនុញ្ញាត ហើយគ្រប់ប្លង់ អនុញ្ញាតសាងសង់ ត្រូវតែមានផ្លូវនីរភ័យសម្រាប់ធ្វើការភៀសខ្លួនដែលមានសុវត្ថិភាព នៅពេលមានអគ្គីភ័យកើតឡើង។ ដោយឡែកចំពោះសំណង់ទាំងឡាយណាដែលបានសាងសង់រួចហើយ តែមិនទាន់មានផ្លូវនីរភ័យទេ ម្ចាស់សំណង់ត្រូវតែឆាប់ធ្វើការកែសម្រួលជាបន្ទាន់។ ការចញនូវបទ បញ្ជាបែបនេះមិនមែន ជាការកៀបសង្កត់ឬថ្វើបាបបងប្អូនឡើយ ផ្ទុយទៅវិញ គឺដើម្បីធានាសុវត្ថិភាព សម្រាប់បងប្អូនយើងទាំងអស់គ្នា។

អត្ថបទដែលជាប់ទាក់ទង