ភ្នំពេញនឹងក្លាយជារដ្ឋបាលម៉េត្រូប៉ូលីតែនឈានមុខគេពេលអនាគត! នេះជាក្ដីរំពឹងរបស់រដ្ឋមន្ត្រីមហាផ្ទៃ
ថ្លែងក្នុងសិក្ខាសាលាស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធនៃប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់ក្ដីរំពឹងទៅលើរាជធានីភ្នំពេញ ថា នឹងអាចវិវត្តន៍ខ្លួនទៅជាទីក្រុងរដ្ឋបាលម៉េត្រូប៉ូលីតែនដ៏មានសក្តានុពល និងឈានមុខគេមួយនាពេលអនាគតសម្រាប់ប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានគូសបញ្ជាក់ថា គ្រប់រាជធានី-ខេត្ត ពីនេះទៅមុខអាចនឹងប្រែក្លាយទៅជារាជធានី-ខេត្តដែលមានប្រព័ន្ធម៉េត្រូប៉ូលីតែន ដើម្បីធានាបាននូវការគ្រប់គ្រងដែនដី ការរៀបចំផែនការអភិវឌ្ឍន៍ និងការផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស។
រដ្ឋបាលក្រុងម៉េត្រូលីតែន សំដៅទៅលើរដ្ឋបាលនៅក្នុងទីក្រុងធំៗ ដែលមានចំនួនប្រជាជន និងលក្ខខណ្ឌភូមិសាស្ត្រតាមការកំណត់ជាក់លាក់ ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវការសម្របសម្រួលរវាងរដ្ឋបាលចំណុះនានា ហើយដែលមានស្ថាប័នធ្វើសេចក្តីសម្រេចចិត្តត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោត ព្រមទាំងជានីតិបុគ្គល មានស្វ័យភាពផ្នែកហិរញ្ញវត្ថុ និងផ្នែករដ្ឋបាលរបស់ខ្លួន។
តាមការបញ្ជាក់របស់លោក ស សុខា ការរៀបចំប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែន គឺជាចក្ខុវិស័យដ៏វែងឆ្ងាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពស៊ីវិល័យ និងភាពឆ្លាតវៃ។ លោក បានសង្កត់ធ្ងន់ថា ការរៀបចំប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែនដែលរឹងមាំ ជាគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងជាកម្លាំងចលករក្នុងការទាក់ទាញការវិនិយោគ។
សម្រាប់លក្ខខណ្ឌចម្បងៗដែលរាជធានី-ខេត្ត អាចរៀបចំជាប្រព័ន្ធរដ្ឋបាលម៉េត្រូប៉ូលីតែនបាន លោក ស សុខា ថា ត្រូវផ្អែកលើកត្តាសំខាន់ចំនួន៣ រួមមានទី១.ចំនួនដង់ស៊ីតេប្រជាពលរដ្ឋ ទី២.សក្តានុពលសេដ្ឋកិច្ច និងទី៣.ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ។
ផ្អែកលើមូលដ្ឋានទាំង៣នេះហើយ ទើបលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា រាជធានីភ្នំពេញពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងស័ក្តិសមបំផុតជារាជធានី និងជាក្រុងម៉េត្រូប៉ូលីតែនឈានមុខគេ ដែលនឹងក្លាយជាគំរូសម្រាប់បណ្តាខេត្តសក្តានុពលផ្សេងៗទៀតក្នុងការបន្តរៀបចំរចនាសម្ព័ន្ធនេះជាបន្តបន្ទាប់៕
