លោក Macron ចេញបញ្ជាឲ្យនាវាផ្ទុកយន្តហោះនុយក្លេអ៊ែរ ប្រតិបត្តិការបន្ទាន់នៅមេឌីទែរ៉ាណេ

ស្ថានការណ៍នៅមជ្ឈិមបូព៌ាកាន់តែឡើងកម្ដៅដល់ចំណុចកំពូល! ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្រេចចិត្តដកនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរដ៏ល្បីល្បាញ Charles de Gaulle ចេញពីសមុទ្របាល់ទិក បញ្ជូនទៅកាន់សមុទ្រមេឌីទែរ៉ាណេវិញ ដើម្បីការពារសម្ព័ន្ធមិត្ត និងផលប្រយោជន៍របស់ខ្លួន។ ការចល័តទ័ពដ៏ធំនេះ រួមមានទាំងនាវាចម្បាំងការពារ និងយន្តហោះប្រយុទ្ធ Rafale ជាច្រើនគ្រឿងទៀតផង។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី៣មីនា២០២៦ ការសម្រេចចិត្តនេះកើតឡើងភ្លាមៗ បន្ទាប់ពីមានការវាយប្រហារលើមូលដ្ឋានទ័ពអាកាសអង់គ្លេសនៅប្រទេសស៊ីប ដែលជាដៃគូដ៏សំខាន់របស់សហភាពអឺរ៉ុប។ លោក Macron បានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពបារាំងបានចាប់ផ្តើមបាញ់ស្ទាក់ដ្រូនសត្រូវរួចរាល់ហើយ ដើម្បីការពារដែនអាកាសសម្ព័ន្ធមិត្តក្រោមរូបភាព «ការពារខ្លួនស្របច្បាប់»។

ទោះបីជាបារាំងកំពុងបង្ហាញសាច់ដុំយោធាក៏ដោយ ក៏លោក Macron ក៏បានរិះគន់ចំៗទៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ដែលលោកចាត់ទុកថាធ្វើឡើងក្រៅក្របខ័ណ្ឌច្បាប់អន្តរជាតិ។ លោកបានព្រមានថា បើអ៊ីស្រាអែលលើកទ័ពជើងគោកចូលទៅក្នុងប្រទេសលីបង់ វានឹងក្លាយជា«កំហុសយុទ្ធសាស្ត្រ»ដ៏ធំមួយ។ ទន្ទឹមនឹងនោះ លោកក៏បានទាមទារឲ្យក្រុមសកម្មប្រយុទ្ធហេសបូឡា បញ្ឈប់ការវាយប្រហារទាំងអស់ជាបន្ទាន់ផងដែរ។

ងាកមកមើលបញ្ហាអ៊ីរ៉ង់វិញ លោក Macron បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ត្រូវតែទទួលខុសត្រូវចំពោះវិបត្តិសង្រ្គាមនេះ តាមរយៈការផ្ដល់ជំនួយដល់ក្រុមភេរវករ និងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរដ៏គ្រោះថ្នាក់។ ពាក់ព័ន្ធនឹងការស្លាប់របស់លោក Ayatollah Ali Khamenei និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ផ្សេងទៀត លោក Macron បានពោលពាក្យយ៉ាងធ្ងន់ៗថា «ប្រវត្តិសាស្ត្រមិនដែលបង្ហូរទឹកភ្នែកឲ្យឃាតកដែលសម្លាប់ប្រជាជនខ្លួនឯងនោះទេ»។

លោកបានបង្ហាញក្តីសង្ឃឹមថា ប្រជាជនអ៊ីរ៉ង់នឹងអាចកំណត់វាសនាប្រទេសជាតិដោយសេរីក្នុងពេលឆាប់ៗខាងមុខ។ សម្រាប់ពេលនេះ កងទ័ពបារាំងនឹងនៅតែបន្តឈរជើង «ដរាបណាមានការចាំបាច់» ដើម្បីរក្សាសន្តិសុខក្នុងតំបន់ និងការពារការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង