១៧ខេត្តនៅថៃ ប្រកាសអាសន្នពណ៌ក្រហម ព្រោះបំណាក់ដី និងទឹកជំនន់រហ័ស ដ៏ធ្ងន់ធ្ងរ
ខេត្តថៃចំនួន១៧ បានប្រកាសអាសន្នកម្រិតធ្ងន់ (ពណ៌ក្រហម) ដោយសារតែគ្រោះធម្មជាតិកាចសាហាវ ដូចជាបំណាក់ដី និងទឹកជំនន់រហ័ស ដែលនឹងវាយប្រហាររហូតដល់ ចុងសប្តាហ៍។
Khaosod បានដកស្រង់សេចក្តីប្រកាសរបស់នាយកដ្ឋានធនធានរ៉ែថៃ ដែលព្រមានដល់ខេត្តទាំង១៧ មានដូចជា៖ Chanthaburi, Kanchanaburi, Krabi, Loei, Mae Hong Son, Nakhon Sawan, Phetchaburi, Phetchabun, Phitsanulok, Prachuap Khiri Khan, Ranong, Sukhothai, Suphan Buri, Tak, Trat, Uthai Thani និង Uttaradit។
ក្នុងសេចក្តីប្រកាសនោះ នាយកដ្ឋានខាងលើបញ្ជាក់យ៉ាងច្បាស់ថា គ្រោះធម្មជាតិនេះ គឺបង្កឡើងដោយឥទ្ធិពលព្យុះ ដែលបង្អុរឱ្យមានភ្លៀងធ្លាក់ដូចហែកមេឃ ធ្វើឱ្យតំបន់ទាំងឡាយ ប្រឈមហានិភ័យបំណាក់ដី។
ដូច្នេះ អាជ្ញាធរថៃ ព្រមានដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ហើយបញ្ជាដល់អង្គភាពទាំងឡាយ ត្រៀមលក្ខណៈ២៤ម៉ោងលើ២៤ម៉ោង ដើម្បីបើកប្រតិបត្តិការជួយសង្គ្រោះ និងជម្លៀសពលរដ្ឋ ក្នុងករណីចាំបាច់៕
ប្រភព៖ Khaosod


