អន្ទាក់ចាប់សត្វជាច្រើនខ្សែ ត្រូវបានមន្ត្រីឧទ្យានុរក្ស និងកងរាជអាវុធ​ហត្ថ​ខេត្ត​កោះកុង ប្រមូលចេញពីក្នុងព្រៃ

(កោះកុង)៖ ការដាក់អន្ទាក់ចាប់សត្វព្រៃ នៅតែជាការគំរាមកំហែង​ដ៏គួរឱ្យ​ព្រួ​យ​​បារម្ភមួយសម្រាប់អាយុជីវិតសត្វព្រៃនៅតាមឧទ្យានជាតិនានាក្នុង​ខេត្ត​កោះ​កុង។ ដើម្បីការពារអាយុជីវិតសត្វព្រៃរួច​ផុតពីអន្ទាក់របស់​ជន​ខិល​ខូច មន្ត្រីឧទ្យានុរក្ស កងរាជអាវុធហត្ថខេត្តកោះកុង ក្រោមការគាំទ្រ​ពី​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ បានចុះល្បាត និងទប់ស្កាត់បទល្មើស​ជាប់ជា​ប្រចាំ។

ក្នុងដំណើរចុះល្បាត និងទប់ស្កាត់បទល្មើសនោះ ឧទ្យានុរក្ស និងមន្ត្រី​កង​រាជ​អាវុធហត្ថ បានដោះអន្ទាក់ជាច្រើនខ្សែពីតាមព្រៃនៃឧទ្យានជាតិ និង​ដែន​ជម្រកសត្វព្រៃ​ក្នុង​ភូមិ​សាស្ត្រខេត្តកោះកុង។ របាយការណ៍ពីមន្ទីរ​បរិ​ស្ថានខេត្ត បានឱ្យដឹងថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង បានដើរដោះអន្ទាក់បានចំនួន​សរុប​១៨៣ខ្សែ។

ការចាប់សត្វព្រៃ ជួញដូរ និងបរិភោគសត្វព្រៃ ជាទង្វើខុសច្បាប់ ដែល​ប្រ​ឈម​​នឹងការផាកពិន័យជាប្រាក់ និងដាក់ពន្ធនាគារផងដែរ។ បើទោះ​បី​ដឹង​ថាការចាប់ ការជួញដូរ និងការបរិភោគសត្វព្រៃ ជាទង្វើខុសនឹង​ច្បាប់ តែឥរិយាបថរបស់ប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធការចាប់ ការជួញដូរ និងការ​បរិ​ភោគនៅតែបន្តកើតមាន។

ព្រៃធំ បទល្មើសច្រើន មន្ត្រីផ្នែកការពារព្រៃមានចំនួនតិច បើបន្តរបៀប​ចាស់ក្នុងការទប់ស្កាត់បទល្មើស គឺជារឿងលំបាក។ ការប្រើបច្ចេកវិទ្យា ដោយ​បង្កប់កាមេរាសុវត្ថិភាពឱ្យបានច្រើននៅក្នុងព្រៃ ត្រូវបានគេមើល​ឃើញថា ជាជម្រើសល្អមួយដើម្បីតាមដានសកម្មភាពល្មើស និងតាម​វែក​មុខជនល្មើស។ មានតែការផ្តន្ទាទោសទៅតាមច្បាប់ឱ្យបានតឹងរឹងបំផុត ទើបអាចបញ្ចប់សកម្មភាពក្រុមជនចាប់សត្វព្រៃ។

បន្ថែមពីលើនេះ ក្រៅពីការធ្វើសកម្មភាពបង្ក្រាបនៅក្នុងព្រៃហើយនោះ ការ​បង្ក្រាបក្រុមអ្នករកស៊ីជួញដូរសាច់សត្វព្រៃ គឺជាត្រូវធ្វើប្រទាក់​ក្រឡាគ្នា។ បើគ្មានអ្នកទិញ គ្មានអ្នកហូប ប្រហែលជាគ្មានអ្នកចាប់សត្វនោះឡើយ។

បច្ចុប្បន្ននេះ នៅតាមអាហារដ្ឋានធំៗមួយចំនួនតាមខេត្តមានសត្វព្រៃ ត្រូវ​បានគេរកឃើញថា នៅតែបន្តលក់សាច់សត្វព្រៃ ហើយសត្វព្រៃខ្លះទៀត ក៏​មានលួចដឹកយកមកលក់ដល់ភ្នំពេញផងដែរ។

ដូច្នេះដើម្បីចូលរួមការពារសត្វព្រៃ លុបបំបាត់បទល្មើសលើសត្វព្រៃ ត្រូវការការចូលរួមពីសំណាក់ប្រជាពលរដ្ឋ។ ជាពិសេសគ្រប់គ្នាបញ្ឈប់ការបរិភោគសាច់សត្វព្រៃ៕

អត្ថបទដែលជាប់ទាក់ទង