កម្ពុជាបណ្តេញជនជាតិឥណ្ឌូនេស៊ី ៣៧នាក់ ពាក់ព័ន្ធបទល្មើសស្នាក់នៅ និងធ្វើការខុសច្បាប់

ភ្នំពេញ៖ អាជ្ញាធរបានបណ្តេញជនជាតិឥណ្ឌូនេស៊ីចំនួន ៣២នាក់ ចេញពីទឹកដីកម្ពុជា បន្ទាប់ពីបានរកឃើញថា ពួកគេបានប្រព្រឹត្តបទល្មើសលួចឆ្លងដែនស្នាក់នៅ និងបំពេញការងារដោយខុសច្បាប់។

ពីថ្ងៃទី៤ ដល់៦ ខែវិច្ឆិកា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាបណ្ដេញជនជាតិឥណ្ឌូនេស៊ីចំនួន ៣៧នាក់ ក្នុងនោះស្រី ៧នាក់ ចេញពីប្រទេសកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ជនបរទេសទាំងនេះជាប់ពាក់ព័ន្ធនឹងបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

​ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺអនុវត្តតាមបទបញ្ជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលកន្លងមក សម្តេចធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»៕

អត្ថបទដែលជាប់ទាក់ទង