កម្ពុជា-បារាំង បង្ហាញឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

(ភ្នំពេញ)៖ កម្ពុជា-បារាំង បានបង្ហាញឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោយពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពី២៩ឆ្នាំ កន្លងទៅ។ នេះបើតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចការងាររបស់លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅព្រះរាជាណាចក្រកម្ពុជា។

លោកស្រីអគ្គលេខាធិការ និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្លាស់ប្តូរយោបល់គ្នាពីវឌ្ឍនភាព នៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់តម្លៃនៃសន្តិភាព ការសន្ទនា និងសាមគ្គីភាពរបស់ហ្វ្រង់កូហ្វូនីនៅក្នុងបរិបទនៃការកើនឡើង អស្ថិរភាពភូមិសាស្ត្រនយោបាយ និងការរីករាលដាលនៃជម្លោះប្រដាប់អាវុធ។

ភាគីទាំងពីរ បានបង្ហាញឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឱ្យក្លាយជា ព្រឹត្តិការណ៍ដ៏លេចធ្លោមួយ ក្រោយពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំនៅតំបន់អាស៊ី ប៉ាស៊ីហ្វិកកាលពី២៩ឆ្នាំកន្លងទៅ។ ថ្នាក់ដឹកនាំទាំងពីរ សង្ឃឹមថា ប្រមុខរដ្ឋ/រដ្ឋាភិបាលជាច្រើន នឹងអញ្ជើញចូលរួមកិច្ចប្រជុំនេះ ដែលជាឱកាសល្អផងដែរ សម្រាប់ស្វែងយល់ពីសម្បត្តិវប្បធម៌ សេដ្ឋកិច្ចរបស់កម្ពុជា។

សូមជម្រាបថា លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា កាលពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងជួយគាំទ្រប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

អំឡុងពេលទស្សនកិច្ច លោកស្រីអគ្គលេខាធិការ ទទួលបានការចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង