កម្ពុជា-ចក្រភពអង់គ្លេស ចុះ MoU ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញ

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយលោក Jonathan Ledger អ្នកជំនាញអន្តរជាតិក្នុងវិស័យ TVET និងគោលនយោបាយកម្លាំងពលកម្ម តំណាងឱ្យភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស (UK Skills Partnership-UKSP) នៅទីស្តីការក្រសួង។

នាឱកាសនោះ លោក ហេង សួរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ដូមីនិក វីល្លៀម និងលោក Jonathan Ledger និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបានផ្តល់ការគាំទ្រយូរអង្វែងដល់កម្ពុជា ក្នុងវិស័យអភិបាលកិច្ចការងារ អភិវឌ្ឍធនធានមនុស្ស តាមរយៈអាហារូបករណ៍ ការការពារពលករចំណាកស្រុក ការគាំទ្រផ្នែកគោលនយោបាយ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការគាំទ្រនៅក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច (LDC)។

ទន្ទឹមនឹងនោះ លោក ដូមីនិក វីល្លៀម បានសម្តែងនូវសេចក្ដីរីករាយចំពោះការចុះ MoU នេះ ដោយលោកបានលើកឡើងថា ការអប់រំមានសារៈសំខាន់ណាស់ សម្រាប់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ នៅពេលដែលការចាកចេញពី LDC នៅពេលខាងមុខ វាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់កម្រិតជំនាញ ជាពិសេសដើម្បីបង្កើនផលិតភាពរបស់កម្លាំងពលកម្ម ដែលថែមទាំងដើម្បីមានជំនាញដែលអាចជួយអភិវឌ្ឍវិស័យសេដ្ឋកិច្ចថ្មីៗ និងមានសក្ដានុពល ដែលនឹងជួយឱ្យកម្ពុជាបន្តរីកចម្រើនទៅមុខក្នុងអនាគត។ លោករដ្ឋមន្រ្តី និង លោក ដូមីនិក វីល្លៀម បានផ្លាស់ប្តូរយោបល់ពីការពង្រឹងទំនាក់ទំនងទ្វេភាគីផ្សេងៗ ដោយបានគូសបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការបន្តការកសាងភាពជាដៃគូយូរអង្វែង ជាពិសេសកម្មវិធីបណ្តុះបណ្តាលនេះ។

ជាមួយគ្នានេះ លោក ហេង សួរ បានថ្លែងអំណរគុណដ៏ក្រៃលែងចំពោះលោកឯកអគ្គរាជទូត ដែលបានជួយភ្ជាប់ UKSP មកកាន់កម្ពុជា ក៏ដូចជាការនាំយកកម្មវិធីអប់រំ ប្រកបដោយគុណភាពលំដាប់ពិភពលោក មកកាន់ប្រទេសកម្ពុជា។ តាមរយៈ MoU នេះ កម្ពុជានឹងអាចស្វាគមន៍អ្នកជំនាញ កម្មវិធីអភិវឌ្ឍជំនាញ ក៏ដូចជាការភ្ជាប់ជាមួយអ្នកជំនាញ និងស្ថាប័នលំដាប់ពិភពលោកបន្ថែមពីចក្រភពអង់គ្លេសមកកម្ពុជា។ លោករដ្ឋមន្រ្តីជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងជួយលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល TVET និងគុណភាពជំនាញកម្ពុជា ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងគាំទ្រដល់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច។

គួរបញ្ជាក់ថា MoU ស្តីពី «ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)» មានគោលបំណងពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងវិស័យ TVET និងជំនាញ ដោយផ្អែកលើគោលការណ៍នៃទំនាក់ទំនងទៅវិញទៅមក និរន្តរភាព និងផលប្រយោជន៍រួម។ តាមរយៈ MoU ដែលមានរយៈពេលបីឆ្នាំនេះ ភាគីទាំងពីរមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការផ្តល់អប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញ នៅក្នុងប្រទេសនីមួយៗ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ដែលមានប្រសិទ្ធភាពក្នុងវិស័យ TVET និងជំនាញ ដែលនឹងជួយអភិវឌ្ឍធនធានមនុស្ស ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

សូមជម្រាបដែរថា MoU នេះគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួម និងមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ ដូចជា ការជំរុញការផ្លាស់ប្តូរគំនិត និងបទពិសោធ តាមរយៈកិច្ចពិភាក្សា ដើម្បីឱ្យភាគីទាំងពីរចែករំលែកជំនាញ និងបទពិសោធ ក្នុងការបង្ហាញពីតម្លៃបន្ថែមនៃការវិនិយោគលើជំនាញ និងអត្ថប្រយោជន៍នៃការអភិវឌ្ឍកម្លាំងពលកម្ម ព្រមទាំងសហការលើការច្នៃប្រឌិត ដើម្បីបង្កើនគុណភាព TVET និងជំនាញជាដើម៕

អត្ថបទដែលជាប់ទាក់ទង