ដាណឺម៉ាក ពេញចិត្តនឹងជំហរបស់កម្ពុជាលើការដោះស្រាយជម្លោះព្រំដែនជាមួយថៃ, ប្រកាន់ខ្ជាប់ស្មារតីបទឈប់បាញ់ និងដោះស្រាយដោយសន្តិវិធី
(ភ្នំពេញ)៖ លោក ដែននី អានណាន ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំនៅកម្ពុជា បានបង្ហាញការពេញចិត្តនឹងជំហរបស់កម្ពុជា លើការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយប្រកាន់ខ្ជាប់ស្មារតីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងដោះស្រាយដោយសន្តិវិធី។
លោកឯកអគ្គរាជទូតលើកឡើងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦នេះ។
បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅលោកឯកអគ្គរាជទូតថា លើជម្លោះព្រំដែនជាមួយថៃនេះ រាជរដ្ឋាភិបាលកម្ពុជា គោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់រវាងគ្នាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការដោះស្រាយបញ្ហាដោយសន្តិវិធី។
ក្រៅពីលើកឡើងនូវបញ្ហាខាងលើនេះ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹង ទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក កាន់តែរីកចម្រើនបន្ថែមទៀតនៅក្នុងអាណត្តិការងាររបស់លោកឯកអគរាជទូត។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងកន្លងមករវាងកម្ពុជា និងដាណឺម៉ាក មានភាពល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ខួប៦០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៧ នឹងមានការរៀបចំកម្មវិធីនានា ដើម្បីអបអរសាទរខួបនៃចំណងទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ។
នៅចំពោះមុខប្រមុខរដ្ឋស្តីទីរបស់កម្ពុជា, លោក ដែននី អានណាន បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម។ លោកឯកអគ្គរាជទូត បានលើកឡើងថា ក្នុងតួនាទីជាឯកអគ្គរាជទូតនៅកម្ពុជា លោកនឹងប្រឹងប្រែងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាក ឱ្យកាន់តែរីកចម្រើនទាំងក្នុងក្របខណ្ឌនៃការទូតនយោបាយ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះការលើកឡើងរបស់លោកឯកអគ្គរាជទូត។ សម្តេចតេជោ ហ៊ុន សែន ក៏បានឯកភាពទៅនឹងការតាំងចិត្តរបស់លោកឯកអគ្គរាជទូត ក្នុងការលើកកម្ពស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគឱ្យមានភាពល្អប្រសើរ ដែលស្របទៅនឹងកិច្ចសហប្រតិបត្តិការនយោបាយ និងការទូតរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សក្តានុពលនៃទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ានៅមានច្រើនទៀត ដែលភាគីទាំងពីរអាចពង្រីកជាមួយគ្នា។ ជាពិសេសនៅក្នុងផ្នែកពាណិជ្ជកម្ម និងវិនិយោគ។
បន្ថែមពីលើនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកទស្សនៈពាក់ព័ន្ធការវិវត្តន៍ស្ថានការណ៍អន្តរជាតិ ដែលកំពុងកើតមាននាពេលបច្ចុប្បន្នផងដែរ៕