សហភាពអឺរ៉ុបបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តចំពោះការបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា

សហភាពអឺរ៉ុប បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក៏ដូចជាបណ្ដាប្រទេសជាសមាជិក ក្នុងការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀតជាមួយនឹងប្រទេសកម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប លោកស្រី Paola Pampaloni ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី២៥ ខែមីនា ក្នុងរាជធានីភ្នំពេញ។

ភាគីទាំងពីរ បានបង្ហាញពីការពេញចិត្តចំពោះវឌ្ឍនភាពនៃភាពជាដៃគូយូរអង្វែង និងសន្ទុះរីកចម្រើននៃកិច្ចសហប្រតិបត្តិការ ប្រកបដោយថាមវន្តរវាងកម្ពុជា និងសហភាពអឺរ៉ុប និងប្រទេសសមាជិក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

ក្នុងកិច្ចសន្ទនានោះ ភាគីទាំងពីរ បានគូសរំលេចពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ដើម្បីបន្តពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងថាមវន្ត ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រី Paola Pampaloni នាយិការងទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក នៃមន្ទីរការបរទេសអឺរ៉ុប បានស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមានជាបន្តបន្ទាប់ក្នុងទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប និងបានបង្ហាញនូវក្តីរីករាយចំពោះលទ្ធផលនៃការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះការអភិវឌ្ឍកម្ពុជា អស់រយៈពេលជិតបីទសវត្សរ៍មកនេះ។

លោកស្រី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ រួមទាំងការគាំទ្រដល់ការចាកចេញរបស់ប្រទេសកម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ឆ្ពោះទៅរកការសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

ក្រៅពីពិភាក្សាពីទំនាក់ទំនងទ្វេភាគី លោក ប្រាក់ សុខុន ក៏បានឆ្លៀតឱកាសនោះរាយការណ៍ជូនប្រតិភូសហភាពអឺរ៉ុបជុំវិញព័ត៌មាន និងការផ្លាស់ប្តូរមតិយោបល់ជាមួយលោកស្រី Paola Pampaloni អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។ លោក បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបចំពោះការផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជា ព្រមទាំងការគាំទ្រដល់បទឈប់បាញ់ និងដំណើរការសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង