មន្ត្រីសុខាភិបាល៖ ក្នុងបារីមានសារធាតុគីមី ជាង ៧ ០០០ប្រភេទ ខណៈ ៧០ប្រភេទ បង្កជាជំងឺមហារីក
(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត រ៉ាយ រ៉ានី ប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងបារីមានសារធាតុគីមី ជាង ៧ ០០០ប្រភេទ ខណៈមាន ៧០ប្រភេទ បង្កជាជំងឺមហារីក។
លោកស្រីបានលើកឡើងបែបនេះ ក្នុងឱកាសធ្វើបទបង្ហាញ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី អាករពិសេស និងអាករសម្រាប់បំភ្លឺសាធារណៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសន្និសិទអង្គរវត្ត (ជាន់ផ្ទាល់ដី) នៃអគារអគ្គនាយកដ្ឋានពន្ធដារថ្មី (GDT Tower)។
នៅក្នុងចំណុចបង្ហាញពីផលប៉ះពាល់មកលើសុខភាពដោយសារបារី មន្ត្រីសុខាភិបាល បានបញ្ជាក់ថា ក្នុងផ្សែងផលិតផលថ្នាំជក់មានសារធាតុគីមីច្រើនជាង ៧០០០ប្រភេទ ដែលក្នុងនោះមានយ៉ាងហោចណាស់ ៧០ប្រភេទ បង្កជាជំងឺមហារីក។
នៅក្នុងបារី លោកស្រី បានបន្ថែមថា សារធាតុនីកូទីន ជាសារធាតុគីមីដែលបណ្តាលឱ្យញៀនខ្លាំងបំផុត ខណៈជាតិជ័រថា ជាសារធាតុស្អិតពណ៌ត្នោត ដែលអាចបង្កជាជំងឺ មហារីក និងបង្កើនហានិភ័យបង្កជាជំងឺសួតរ៉ាំរ៉ៃ និងកាបូនម៉ូណូអុកស៊ីត ជាឧស្ម័នពុលដែលធ្វើឱ្យការដឹកនាំ អុកស៊ីសែននៅក្នុងឈាមមានការថយចុះ។
លោកបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងជាសហប្រធានក្រុមការងារចម្រុះតែមប្រិ៍ តំណាង លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងពេលថ្លែងសុន្ទរកថាបើកសិក្ខាសាលា បានឲ្យដឹងថា អ្នកដែលទិញបារីធូរថ្លៃ និងខុសច្បាប់ តែងតែបណ្តាលឲ្យខូចសុខភាពកាន់តែលឿន។
លោកបានបន្ថែមថា អ្នកផលិតបារីក្នុងស្រុកត្រូវផ្តល់ផែនការផលិតនៃឆ្នាំបន្ទាប់អគ្គនាយកដ្ឋានពន្ធដារ និង អ្នកនាំចូលបារី ត្រូវផ្តល់ផែនការនាំចូលទៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ក្នុងនោះ ចំពោះបារីផលិតក្នុងស្រុក អ្នកផលិតត្រូវទិញតែមប្រិ៍អាករពីអគ្គនាយកដ្ឋានពន្ធដារ ហើយត្រូវបិទតែមប្រិ៍អាករលើកញ្ចប់បារី និងបោះពុម្ភសារព្រមានសុខភាពលើកញ្ចប់បារី មុននឹងបញ្ចេញបារីពីរោងចក្រដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធដារ។ ចំពោះបារីនាំចូល អ្នកនាំចូលត្រូវទិញតែមប្រិ៍អាករអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ហើយត្រូវបិទតែមប្រិ៍អាករលើកញ្ចប់បារី និងបោះពុម្ភសារព្រមានសុខភាពលើកញ្ចប់បារីមុនការនាំចូល ឬមុនការនាំចេញពីការឃុំគ្រងរបស់ អគរ ដោយមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់លក់ ឬដាក់លក់បារីកញ្ចប់ដោយពុំមានបិទតែមប្រិ៍អាករឡើយ។
លោកបណ្ឌិត ម៉ិញ បានកុសល បានរំលឹកផងដែរថា កាលពីឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រុមការងារចម្រុះដើម្បីត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់បារី របស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានចុះបង្រ្កាបទីតាំងចែកចាយបារីខុសច្បាប់ ដែលមិនមានបិទតែមប្រិ៍អាករ និងមិនមានបោះពុម្ភសារព្រមានសុខភាព ដោយដកហូតបាន បារី ៣៧៤.៦៨ កេស ស្មើនឹង ១៨ ៧០៩ សុង ឬស្មើ ៣ ៧៤១ ៨០០ ដើមបារី៕
