ករណីចាក់សម្លាប់ម្ចាស់ផ្ទះជួល ជនដៃដល់គំកួនជាមួយបុរសជាម្ចាស់ផ្ទះព្រោះរឿងណែនាំផឹកស៊ីឡូឡារំខានអ្នកជិតខាង

ជនសង្ស័យម្នាក់ ខឹងចិត្ត និងបានចងគំនុំជាមួយម្ចាស់ផ្ទះជួលរួចសម្រេចចិត្ត យកកាំបិតមុខស្រួចចាក់សម្លាប់យ៉ាងសាហាវ ព្រោះតែម្ចាស់ផ្ទះជួលបានធ្វើការណែនាំកុំអោយហូបចុកឡូឡារំខានដល់អ្នកជិតខាង។

ករណីចាក់សម្លាប់នេះបានបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧និង៤៥នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះមួយកន្លែង តាមបណ្តោយផ្លូវលំ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៍មានបញ្ជាក់អោយដឹងថា ជនរងគ្រោះមានវ័យជាង ៦០ឆ្នាំ ជាម្ចាស់ផ្ទះជួល បានណែនាំទៅកាន់ជនដៃដល់ ព្រោះតែងតែហូបចុក និងចាក់ធុងបាស់ឡូឡារំខានដល់អ្នកជិតខាងជាញឹកញាប់ ធ្វើអោយជនដៃដល់ចងចិត្ត គុំកួនទៅលើម្ចាស់ផ្ទះ។ រហូតមកដល់ថ្ងៃកើតហេតុ ជនដៃដល់ឃើញឪកាសល្អក៏បានកាន់កាំបិតមុខស្រួចជាប់នឹងដៃ ស្ទុះទៅចាក់សម្លាប់ជនរងគ្រោះដល់ខាងក្នុងផ្ទះតែម្តង បណ្តាលអោយស្លាប់យ៉ាងអនោចអធម៍។ ភ្លាមៗ ជនដៃដល់បានដើរចេញពីផ្ទះ រួចគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមមន្រ្តីជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានហ៊ុមព័ទ្ធទីតាំងខាងលើ និងត្រួតពិនិត្យសាកសពដើម្បីកំណត់មុខសញ្ញាយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង