ទូតចិន៖ ៣ខែដើមឆ្នាំនេះ កម្ពុជានាំចេញអង្ករជិត៩ម៉ឺនតោនទៅចិន កើនឡើងរហូតដល់ ១៤១%, ចិនរីករាយក្នុងការនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ ពីកម្ពុជាបន្ថែម

(ភ្នំពេញ)៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ភាគីចិនរីករាយក្នុងការនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់បន្ថែមទៀត ពីប្រទេសកម្ពុជា ខណៈនៅរយៈពេល៣ ខែដើមឆ្នាំ២០២៦នេះ អង្កររបស់កម្ពុជាជិត៩ម៉ឺនតោន បាននាំចូលប្រទេសចិន កើនឡើងយ៉ាងខ្លាំងរហូតដល់ ១៤១%។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ឯកអគ្គរដ្ឋទូត បានបញ្ជាក់ដូច្នេះថា «យោងតាមទិ្នន័យសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ដើម៣ខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៨.៩ម៉ឺនតោន ទៅកាន់ប្រទេសចិន កើនឡើង ១៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃនាំចេញលើសពី ៥៦.៣៨ លានដុល្លារ ភាគីចិនរីករាយក្នុងការនាំចូលផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់បន្ថែមទៀតពីប្រទេសកម្ពុជា»

សូមជម្រាបថា កម្ពុជាសម្រេចបានសមិទ្ធផលថ្មីមួយទៀត ក្នុងការជំរុញការនាំចេញអង្ករក្រអូបប្រណីត ទៅកាន់ទីផ្សារអន្តរជាតិ ដោយចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦តទៅ អង្ករក្រអូបកម្ពុជាម៉ាក «Golden King» ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ Malys Angkor» ត្រូវដាក់លក់ជាផ្លូវការ នៅតាមបណ្តាញលក់រាយ ២៤៥ទីតាំង ក្នុងទីក្រុងហុងកុង ប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង