កម្លាំងជំនាញ បន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនបរទេស ២៧ នាក់

កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីវេលាម៉ោង ២១ និង ៣០ នាទីយប់ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបុរីហ្គោឌែនឃី ផ្ទះលេខ A01 A02 និង C09 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនបរទេសចំនួន ២៧ នាក់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំអនុវត្តការបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងលោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរងនគរបាលរាជធានីភ្នំពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

ជាលទ្ធផល នៃប្រតិបត្តិការបង្ក្រាប កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុប ២៧ នាក់ (ស្រី ០១ នាក់) ក្នុងនោះរួមមាន ៖ ចិនតៃវ៉ាន់ ២៣ នាក់ (ស្រី ០១ នាក់) , ចិន ០៣ នាក់ និងម៉ាឡេស៊ី ០១ នាក់។
កម្លាំងជំនាញក៏បានធ្វើការដកហូតសម្ភារ និងវត្ថុតាងពាក់ព័ន្ធរួមមាន ៖ CPU ០៣ គ្រឿង , ទូរស័ព្ទដៃ ២២៧ គ្រឿង , Monitor ១៩ គ្រឿង , Laptop ២២ គ្រឿង។

ផ្អែកតាមកោសល្យវិច្ច័យរបស់ក្រុមមន្ត្រីនគរបាលជំនាញ បញ្ជាក់ថា ក្រុមជនសង្ស័យទាំង ២៧ នាក់ បានប្រើប្រាស់កម្ពុជាជាជម្រកសម្រាប់ប្រព្រឹត្តបទល្មើសឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពឆបោកទិញទំនិញអនឡាញក្លែងក្លាយ (Online Purchases Scams) និងអូសទាញឲ្យវិនិយោគ (Investment Scams)។

បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង ២៧ នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង