អាជ្ញាធរបាត់ដំបងចាប់ដៃសហព័ន្ធអត្តពលកម្មរៀបកម្មវិធីរត់រកថវិកាជួយទ័ពជួរមុខ
ដើម្បីទាក់ទាញទេសចរ និងកៀរគរធនធានថវិកា ជួយដល់កងទ័ពជួរមុខ រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត នឹងរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ នៅថ្ងៃទី២៦ ខែមេសា ក្នុងក្រុងបាត់ដំបង។
លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត យល់ឃើញថា កម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ នឹងក្លាយជាព្រឹត្តិការណ៍មួយជួយទាក់ទាញទេសចរកាន់តែច្រើនទៅកម្សាន្តខេត្តបាត់ដំបង និងជួយផ្សព្វផ្សាយវប្បធម៌ គាំទ្រផលិតផលខ្មែរ ព្រមទាំងជំរុញសកម្មភាពកីឡាក្នុងខេត្តផង។
ក្នុងជំនួបជាមួយលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមេសា ជុំវិញដំណើរការរៀបចំកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ចាត់ទុកកម្មវិធីរត់ដើម្បីទេសចរណ៍ និងសប្បុរសធម៌នេះ នឹងជំរុញសកម្មភាពសេដ្ឋកិច្ច និងប្រាក់ចំណូលពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។
ដោយឡែកលោក សុខ លូ គាំទ្រឱ្យមានកម្មវិធីរត់ដើម្បីក្ដីស្រឡាញ់នេះឡើង ដើម្បីកៀរគរថវិកា និងសម្ភារ ជួយដល់កងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
អភិបាលខេត្តបាត់ដំបង បង្ហាញក្តីរំពឹងដូច្នេះថា៖ «កម្មវិធីនេះនឹងផ្តល់ភាពសប្បាយរីករាយផង និងផ្សារភ្ជាប់សកម្មភាពមនុស្សធម៌ផង ក្នុងគោលបំណងកៀរគរធនធានឧបត្ថម្ភដល់កងកម្លាំងជួរមុខ»។
កម្មវិធីរត់ដើម្បីក្ដីស្រឡាញ់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា នឹងចាប់ផ្តើមនៅវិមានឯករាជក្រុងបាត់ដំបង ចាប់ពីម៉ោង ៦ព្រឹក លើវិញ្ញាសា ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ៕