រាជរដ្ឋាភិបាលជំរុញដើម្បីឲ្យមានការអនុវត្តច្បាប់កាតព្វកិច្ចយោធាតាមផែនការកំណត់នៅឆ្នាំ២០២៦នេះ

រាជរដ្ឋាភិបាលអាណិត្តទី៧ បានជំរុញដើម្បីឲ្យកម្ពុជាមានច្បាប់ស្តីពីកាតព្វកិច្ចយោធាមួយដែលសមស្របនឹងស្ថានភាពនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន និងចំពេលដែលមានភាពតានតឹងនៃជម្លោះព្រំដែនខ្មែរ-ថៃ។
យោងតាមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាពកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានពិភាក្សានិងឆ្លងសេចក្តីព្រាងច្បាប់ថ្មីមួយស្តីពីកាតព្វកិច្ចយោធា បន្ទាប់ពីរាជរដ្ឋាភិបាលបាន
កំណត់ថាឆ្នាំ២០២៦នេះ គឺជាឆ្នាំត្រូវអនុវត្តច្បាប់កាតព្វកិច្ចយោធា។

សេចក្តីព្រាងច្បាប់ថ្មីនេះ មាន ៨ជំពូក និង ២០មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុ ចាប់ពី១៨ ឆ្នាំ ដល់ ២៥ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា។
សូមរម្លឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៤កក្កដាឆ្នាំ២០២៥ បានលើកអំពីបំណងចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០០៦ ដោយលើកឡើងថាច្បាប់នេះ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី។ ទន្ទឹមនេះ សម្តេចបវរធិបតី ចង់ឲ្យមានការបន្ថែមរយៈពេលបំពេញកាតព្វកិច្ចយោធាពី១៨ខែរហូតទៅដល់២៤ខែ។
យោងតាមច្បាប់កាតព្វកិច្ចយោធាដែលត្រូវបានប្រកាសឱ្យប្រើដោយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦មានតែ៦ជំពូក និង ១៦មាត្រាប៉ុណ្ណោះហើយបានកំណត់កាតព្វកិច្ចយោធា
របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុ ចាប់ពី១៨ ឆ្នាំ រហូតទៅដល់ ៣០ឆ្នាំ។

យោងតាមនីតិវិធីរបស់ស្ថាប័នរដ្ឋសភាក្នុងការអនុម័តច្បាប់ដែលបានស្នើឡើងពីគណៈរដ្ឋមន្ត្រីគឺ ចាប់ផ្ដើមពីការទទួលសេចក្តីព្រាងច្បាប់ពីនាយករដ្ឋមន្ត្រី ហើយពិនិត្យដោយគណៈកម្មាធិការអចិន្ត្រៃយ៍ រួចបញ្ជូនទៅគណៈកម្មការជំនាញដើម្បីពិនិត្យលម្អិត។ បន្ទាប់មកត្រូវធ្វើ របាយការណ៍ដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិភាក្សា ហើយឈានទៅអនុម័តជាចុងក្រោយ។ ជំហានបន្ទាប់ត្រូវបញ្ជូនទៅសុំយោបល់ពីស្ថាប័នព្រឹទ្ធសភា ហើយចុងបញ្ចប់ស្នើសុំព្រះហស្តលេខាពីព្រះមហាក្សត្រដើម្បីចេញព្រះរាជក្រិត្យប្រកាសដាក់ឲ្យប្រើប្រាស់។

សូមបញ្ជាក់ថា ពីពេលនេះរហូតទៅដល់ដំណាច់ឆ្នាំ២០២៦ រាជរដ្ឋាភិបាលមានពេលវេលា៨ខែទៀតសម្រាប់រង់ចាំ ការចេញច្បាប់ថ្មីស្តីពីកាតព្វកិច្ចយោធាដើម្បីយកទៅអនុវត្តន៍៕

អត្ថបទដែលជាប់ទាក់ទង