សម្តេចតេជោ ហ៊ុន​ សែន ណែនាំមន្ត្រីនៅកំពង់ចាម ចូលរួមលុបបំបាត់​ជម្រកឆបោក​អនឡាញ លុបបំបាត់ភាពអសកម្ម និងខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ

(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានណែនាំដល់មន្ត្រីនៅក្នុងខេត្ត​កំពង់​ចាម ឱ្យចូលរួមលុបបំបាត់ជម្រកឆបោកអនឡាញ លុបបំបាត់ភាពអសកម្មនៅ មូល​ដ្ឋានដូចជាក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន។ ជាពិសេសយកចិត្តទុក​ដាក់ការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ និងលុបបំបាត់ភាពថ្នាំងថ្នាក់ទាំងឡាយ​របស់​​ប្រជា​​ពល​រដ្ឋ​មកលើមន្ត្រី។

នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានចាប់​ផ្តើមដំណើរឆ្ពោះមកកាន់មូលដ្ឋាន ដើម្បីជួបសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ដោយចាប់ផ្តើមដំបូង​នៅ​ក្នុង​ខេត្តកំពង់ចាមស។ ក្នុងពិធីសំណេះសំណាលនាព្រឹកថ្ងៃនេះ មានអ្នកចូលរួមសរុប​ប្រមាណ ១១៩៣នាក់។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជួសមកឱ្យមន្ត្រីនៅក្នុងខេត្តទាំងអស់ បាន​សម្តែងក្តីរីករាយ និងប្រកបដោយភាពកក់ក្តៅ បានទទួលបដិសណ្ឋារកិច្ចរ​បស់​សម្តេច​តេជោ ហ៊ុន សែន បានអញ្ជើញចុះមកសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានឱ្យដឹងថា នៅខេត្តកំពង់ចាម មានក្រុង/ស្រុក ចំនួន១០ ឃុំ/សង្កាត់ចំនួន១០៩ និងភូមិចំនួន៩៤៦។ ខេត្តកំពង់ចាម មានប្រជាពលរដ្ឋ ចំនួន ១.១៥៥.៧០១នាក់ ព្រមទាំងមន្ត្រីរាជការស៊ីវិលចំនួន ១១,៧៣៥នាក់ និងមានក្រុមប្រឹក្សា​ខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ សរុបចំនួន ១,០៤៨នាក់។

លោកអភិបាលខេត្ត បានបន្ថែមថា មន្ត្រីរាជការ និងក្រុមប្រឹក្សា នៅតែសស្រាក់ស​សាំក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោល​នយោ​បាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផល​ប្រយោជន៍ និងសេចក្តី​ត្រូវ​ការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រហូតសម្រេចបាន​នូវសកម្មភាព និងសមិទ្ធ​ផល​ជាច្រើនជូនជាតិ និងប្រជាជន។

បើតាមលោកអភិបាលខេត្ត មានសមិទ្ធផលធំៗចំនួន៤ ដែលខេត្តសម្រេចបានរួមមាន៖
១) ការ​ថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈរបស់សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការរស់នៅរបស់ប្រជាជន និងការ​អភិ​វឌ្ឍ​ជាតិ និងជាមរតកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ សម្ដេចតេជោ ដែលបាន
បន្សល់ទុកសម្រាប់អ្នកដឹកនាំបន្តវេន។

២) ការផ្តល់សេវាសាធារណៈល្អ ប្រកបដោយគុណភាព និងតម្លាភាព ជូនប្រជាពល​រដ្ឋ។ ក្នុងឆ្នាំ២០២៥នេះ អង្គភាពផ្តល់សេវាចំនួន៣ នៃខេត្តកំពង់ចាម ទទួលបានជ័យលាភី
លេខ១ ជាអង្គភាពផ្តល់សេវាឆ្នើម សម្រាប់ការប្រឡងប្រណាំងថ្នាក់ជាតិ រួមមាន មន្ទីរ​ពេទ្យ​ខេត្តកំពង់ចាម កម្រិត CPA3 ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស, ការិយា​ល័យប្រជាពលរដ្ឋខេត្តទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស និងអង្គភាពច្រក​ចេញ​​ចូលតែមួយខេត្ត ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស។ ម្យ៉ាងវិញទៀត ខេត្តកំពង់ចាម បានបញ្ចប់ការវាស់វែងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅ​ឆ្នាំ​២០២៤ ដែលជាខេត្តទី១ បានបញ្ចប់ការអនុវត្តគោលនយោបាយចាស់សកម្ម​ភាព​ថ្មីលើវិស័យដីធ្លី។

៣) ការអភិវឌ្ឍមូលដ្ឋានបន្ថែម រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត មន្ទីរពេទ្យ សាលារៀន សំណង់ផ្សេងៗ ដែលមានការកើនឡើងទាំង
បរិមាណ និងគុណភាព។ នៅឆ្នាំ២០២៥ ការងារអភិវឌ្ឍន៍ គឺមានចំនួន ២៥៨គម្រោង​ទាំងថ្នាក់ខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ ដែលមានតម្លៃគម្រោងសរុបប្រមាណ ៣២​លានដុល្លារ។ ក្រៅពីនេះក៏មានគម្រោងរបស់ថ្នាក់ជាតិជាច្រើនទៀត។

៤) ជោគជ័យក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត ដែលក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ច​របស់ខេត្ត មានទំហំ ៣,០៧៣លានដុល្លារ (កើន ៨.៣%)។ សេដ្ឋកិច្ចរបស់ខេត្ត បាន​មកពីវិស័យ៣ គឺ៖ វិស័យកសិកម្ម មានចំណែកប្រមាណ ៣៩ភាគរយ វិស័យឧស្សាហ​កម្ម មានចំណែកប្រមាណ ៣៣.៤ភាគរយ និងវិស័យសេវាកម្ម មានចំណែកប្រមាណ ២៧.៦ភាគរយ។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ បានកើនដល់ចំនួន ២,៨៣០ដុល្លារ ធៀបនឹងឆ្នាំ២០២៤ កើន ២១០ដុល្លារក្នុងម្នាក់។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ និងប្រកបដោយក្តីនឹករលឹកបានវិល​ម​ក​ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំ​មន្ទីរ អង្គភាពនានានៅក្នុងខេត្តកំពង់ចាមនាព្រឹកថ្ងៃនេះ។

ក្នុងកិច្ចសំណេះសំណាលនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តោតជាសំខាន់​លើ​ការងារនៅតាមមូលដ្ឋាន។ សម្តេចតេជោ បានណែនាំឱ្យយកចិត្តទុកដាក់ រក្សាសន្តិ​សុខ​សង្គមឱ្យបានល្អ ព្យាយាមលុបបំបាត់សកម្មភាពអនាធិបតេយ្យ ក្មេងទំនើង ល្បែង​ស៊ីសង គ្រឿងញៀន ជាពិសេសការឆបោកអនឡាញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យខិតខំដោះស្រាយជម្លោះដីធ្លី និងលុបបំបាត់​បញ្ហាដីធ្លី តាមរយៈ​ការដោះ​ស្រាយបញ្ហា​ក្រៅប្រព័ន្ធតុលាការ និងជំរុញការចេញ​បណ្ណ​កម្ម​សិទ្ធិដីធ្លី។ សម្តេចប្រមុខរដ្ឋស្តីទី ក៏បានណែនាំឱ្យខិតខំបំពេញការងារ​បម្រើ​ប្រជា​ជនដោយស្មោះត្រង់ និងខិតខំលុបបំបាត់ការ​ថ្នាំង​ថ្នាក់​របស់​ប្រជាពលរដ្ឋមកលើមន្ត្រី។ មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀន ត្រូវ​យកចិត្តទុកដាក់លើការសេវាឱ្យបាន​ល្អ។ ជាពិសេសត្រូវដាក់ខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង