ខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនបរទេសជាង២០០នាក់ ពាក់ព័ន្ធករណី Online Scams និងប្រមូលផ្ដុំខុសច្បាប់

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានឃាត់ខ្លួនជនបរទេសប្រុសស្រីសរុបចំនួន​ ២១២នាក់ ក្នុងនោះមានជនជាតិចិន មីយ៉ាន់ម៉ា វៀតណាម និងខ្មែរផងដែរ។

ប្រតិបត្តិការឃាត់ខ្លួនក្រុមជនបរទេសនេះ ធ្វើឡើងក្នុងរង្វង់ប្រតិបត្តិការចុះរដ្ឋបាលចំហររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានកម្លាំងនគរបាលខេត្ត កងរាជអារុធហត្ថខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅតាមផ្ទះល្វែង ផ្ទះវីឡា និងតាមអគារ ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបានចុះត្រួតពិនិត្យលើទីតាំងចំនួន៣ ក្នុងនោះមានទីតាំងមួយ ដែលពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) និង២ទីតាំងទៀត មានជនបរទេសរស់នៅប្រមូលផ្ដុំដោយខុសច្បាប់។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជនបរទេសដែលត្រូវឃាត់ខ្លួនមានសរុប ២១២នាក់ ស្រី៣៩នាក់ ក្នុងនោះមានជនជាតិចិន ១៩២នាក់ (ស្រី ២៤នាក់) ជនជាតិមីយ៉ាន់ម៉ា ស្រី០៣នាក់ ជនជាតិវៀតណាម ១០នាក់ (ស្រី ០៧នាក់) និងជនជាតិខ្មែរ ០៧នាក់ (ស្រី ០៥នាក់) រួមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង