សម្ដេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យបានឆាប់ និងប្រសិទ្ធភាព ពិសេសដោះស្រាយក្រៅប្រព័ន្ធតុលាការ

(កំពង់ស្ពឺ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។

ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន៩៦២នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ស្ពឺ។

សម្តេចតេជោបានរំឭកដល់មន្រ្តីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន។ សម្តេចតេជោ ក៏បានគាំទ្រចំពោះការដាក់ចេញនូវវិធានការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចំពោះវិធានការយកក្មេងទំនើងទៅបម្រើការងារជីកលេណដ្ឋាននៅតាមព្រំដែន ដែលនេះជាការចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលដៅនៃការចុះជួបសំណេះសំណាល ជាមួយមន្ត្រីរាជការរបស់សម្តេចតេជោនាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀត ក៏ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺនេះសាជាថ្មី។ សម្តេចបានបន្តថា កំពង់ស្ពឺគឺជាខេត្តទី៣ហើយ ដែលសម្ដេចបានកំណត់ជាគោលដៅក្នុងការចុះជួបមន្ត្រីរាជការ។

ពីខេត្តកំពង់ស្ពឺ នៅថ្ងៃនេះសម្ដេចតេជោ ហ៊ុន សែន បានប្រកាសសាងសង់អគារសាលប្រជុំដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់បម្រើដល់ការប្រជុំផ្សេងៗ ដែលនឹងត្រូវសាងសង់ ក្នុងពេលឆាប់ៗខាងមុខនេះ។ សម្តេចតេជោ បានរំឭកថា ខេត្តកំពង់ស្ពឺជាទីកន្លែងអនុវត្តនូវយោបាយ ឈ្នះ ឈ្នះ ដ៏សកម្ម ដែលនាំឱ្យកម្ពុជាបញ្ចប់ភ្លើងសង្គ្រាម និងមានសន្តិភាពដល់សព្វថ្ងៃនេះ ហើយខេត្តកំពង់ស្ពឺបច្ចុប្បន្ននេះ គឺខេត្តដែលមានរោងចក្រសហគ្រាសច្រើនជាងគេ។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ស្ពឺទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ នៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។ សម្តេចតេជោ ក៏បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

សម្ដេចតេជោ ក៏បានមានប្រសាសន៍គាំទ្រដល់ការប្រមូលប្រាក់ចំណូលទាំងផ្នែកពន្ធគយ រួមទាំងទប់ស្កាត់ការរកស៊ីមិនបង់ពន្ធ ឬ រត់គេចពន្ធជាដើម។ សម្តេចក៏បានណែនាំឱ្យខិតខំ គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ជាពិសេសខណៈដែលប្រេងឥន្ធនៈឡើងថ្លៃ ត្រូវចេះសន្សំសំចៃលើការចំណាយដែលមិនចាំបាច់នានា។

សម្តេចក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋាន តាមរយៈការជួយយកអាសាគាត់ និងការចុះជួបសំណេះសំណាល ពួកគាត់រយៈកម្មវិធីផ្សេងៗជាដើម។ សម្ដេចតេជោ ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាធនធានធម្មជាតិ ដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឱ្យបានគង់វង្ស។

សម្ដេចតេជោ ក៏បានក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» នឹងបម្រើប្រជាជនប្រកបដោយភាពស្មោះត្រង់។ ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺទាំងអស់ ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះ ឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់ និងជូនពរឲ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង