ចិន ​នឹង​ស្នើ​ការ​កែប្រែ​ លើ​សេចក្តីសម្រេច របស់ UNSC ដែលចង់​​ដកទ័ព​ពីលីបង់​

ខណៈ​ពេល​ដែល​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាន​ដាក់​ចេញ​​​​នូវ​សេចក្តីសម្រេចចិត្ត​ក្នុងការ​បញ្ចប់អាណត្តិនៃបេសកកម្មរក្សាសន្តិភាព​ដែល​មានរយៈពេល​២​ទសវត្សរ៍​កន្លងមកហើយនៅក្នុងប្រទេសលីបង់ នៅចុងឆ្នាំ២០២៦​​​នេះ​​ ប្រទេសចិន​ដែល​ក្លា​យ​ជា​ប្រធាន​ប្តូរ​វេន​​ប្រចាំខែ​ឧសភា ​បាន​លើក​ឡើង​ពី​តម្រូវការក្នុងការពិនិត្យមើលឡើងវិញ​នូវការសម្រេចចិត្តរបស់​ស្ថាប័ន​កំពូលនេះ ស្របពេលដែលសង្គ្រាម​នៅលីបង់​មិនទាន់​បញ្ចប់នៅឡើយ​​។

ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​ លោក​ Fu Cong។ SCMP

កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសលីបង់ (UNIFIL) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨​ កំពុងល្បាត​នៅ​​​បណ្តោយ​ព្រំដែនភាគខាងត្បូងរបស់ប្រទេសលីបង់ជាមួយអ៊ីស្រាអែល។ នៅឆ្នាំ ២០២៥​ ក្រុមប្រឹក្សាសន្តិសុខ (UNSC) បាន​សម្រេច​ជាឯកច្ឆ័ន្ទ ដើម្បីចាប់ផ្តើមដកបេសកកម្ម​ចេញ​ពីលីបង់​​នៅចុងឆ្នាំ ២០២៦។

តាមសេចក្តី​រាយការណ៍​របស់​រ៉យទ័រ ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​ លោក​ Fu Cong បាននិយាយថា ប្រទេសចិន ដែលបានឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែឧសភា មានការព្រួយបារម្ភអំពីស្ថានភាពនៅក្នុងប្រទេសលីបង់​ ដែល​មិនអាចបញ្ចប់​អំពើ​​ហិង្សា​​​​ជាមួយ​ប្រទេសអ៊ីស្រាអែល​​។ លោកបាននិយាយថា មិនមានបទឈប់បាញ់ពិតប្រាកដណាមួយកើតឡើងទេ គ្រាន់តែ «ការបាញ់ប្រហារតិចជាង» ប៉ុណ្ណោះ។

​តាមសេចក្តីរាយការណ៍​នានា ទោះបី​ជាមាន​បទ​ឈប់បាញ់​​រវាង​អ៊ីស្រាអែល​និង​លីបង់​ក្រោម​ការ​សម្របសម្រួល​របស់​រដ្ឋាភិបាល​អាមេរិក អំហិង្សា​​​កើត​ចេញពីកាវវាយប្រហារ​របស់​អ៊ីស្រាអែល និង​ក្រុម​ហេសបូឡា ក្នុងទឹកដី​លីបង់​នៅតែ​​កើត​មាន​ជារឿយៗ និង​បាន​បណ្តាល​ឲ្យ​សម្លាប់​ប្រជាជន​លីបង់​​ជាបន្តបន្ទាប់។

តាម រ៉យទ័រ​ លោក Fu Cong បានប្រាប់អ្នកយកព័ត៌មានថា «វាជាកាតព្វកិច្ចរបស់អ៊ីស្រាអែលក្នុងការបញ្ឈប់ការទម្លាក់គ្រាប់បែកលើប្រទេសលីបង់នេះ»។

ឆ្លើយតបទៅនឹងសំណួរអំពីអាណត្តិ UNIFIL លោក Fu បាននិយាយថា «យើងជឿថាយើងគួរតែពិនិត្យឡើងវិញនូវការសម្រេចចិត្តដក UNIFIL»។

មនុស្សជាង ២៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងប្រទេសលីបង់ចាប់តាំងពីថ្ងៃទី ២ ខែមីនា នៅពេលដែលក្រុមប្រដាប់អាវុធហេសបូឡាបានបាញ់ទៅលើអ៊ីស្រាអែលដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួនគឺអ៊ីរ៉ង់ និងបានបង្កឱ្យមានយុទ្ធនាការដីគោក និងអាកាសរបស់អ៊ីស្រាអែលដែលបានធ្វើឱ្យភាគខាងត្បូងនៃប្រទេសលីបង់ត្រូវបានបំផ្លាញ។

រ៉យទ័រ ក៏បាន​បញ្ជាក់ដែរថា បេសកកម្មរបស់អ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ប៉ុន្តែអ៊ីស្រាអែលនិយាយថា សកម្មភាពយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់មានគោលបំណងបញ្ឈប់ការវាយប្រហារដោយពួកសកម្មប្រយុទ្ធហេសបូឡា។

លោក Fu បាននិយាយថា លោកបាននិយាយថ្មីៗនេះអំពីបញ្ហានេះទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ លោកបាននិយាយថា លេខាធិការដ្ឋានអង្គការសហប្រជាជាតិកំពុងគិតអំពីការពិនិត្យឡើងវិញ ហើយនឹងបង្កើតជម្រើសនៅក្នុងខែមិថុនាសម្រាប់ការអនុវត្តសេចក្តីសម្រេចលេខ ១៧០១ របស់អង្គការសហប្រជាជាតិដែលបានបញ្ចប់ជម្លោះដ៏សាហាវ​លើក​ទី​១​រវាងហេសបូឡា និងអ៊ីស្រាអែលក្នុងឆ្នាំ ២០០៦។

លោក Fu បាននិយាយថា «ខ្ញុំគិតថាយ៉ាងហោចណាស់ទស្សនៈរបស់ភាគច្រើនលើសលប់នៃក្រុមប្រឹក្សាសន្តិសុខគឺថា នេះមិនមែនជាពេលវេលា ដើម្បីរៀប​ចំ​ UNIFIL ឡើងវិញទេ»៕​​

អត្ថបទដែលជាប់ទាក់ទង