កម្លាំងជំនាញរំដោះជនជាតិថៃ ២៨នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងដោយខុសច្បាប់ ខណៈជនល្មើសម្នាក់ត្រូវឃាត់ខ្លួន
កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការជួយសង្គ្រោះជនជាតិថៃ ចំនួន ២៨នាក់ ដែលត្រូវបានជនល្មើសចាប់បង្ខាំងដោយខុសច្បាប់នៅផ្ទះជួល១កន្លែង ជាប់ផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញទទួលបានបណ្ដឹងសុំជំនួយអន្ដរាគមន៍ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយចូលរួមសហការពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនជនល្មើសដែលជាជនជាតិថៃម្នាក់ផងដែរ។ ដោយឡែក ជនរងគ្រោះជនជាតិថៃ ចំនួន២៨នាក់ ក្នុងនោះមានស្រី១២នាក់ ត្រូវបានសង្គ្រោះដោយសុវត្ថិភាព។

ក្រោយពីប្រតិបត្តិការសង្គ្រោះ កម្លាំងជំនាញនាំទាំងជនរងគ្រោះ និងជនល្មើសទៅសាកសួរ និងប្រគល់ជូនអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា ខណៈទីតាំងត្រូវបានសមត្ថកិច្ចបិទសៀលជាបណ្ដោះអាសន្ន ដើម្បីបន្ដនីតិវិធី៕


