សហរដ្ឋអាមេរិក ប្រកាសថាការវាយលុកប្រឆាំងអ៉ីរ៉ង់ចប់ជាស្ថាពរ តែព្រមានថាការប្រើកម្លាំងយោធានៅតែជាជម្រើស
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាសហរដ្ឋអាមេរិកបានបិទបញ្ចប់ប្រតិបត្តិការវាយលុករបស់ខ្លួនប្រឆាំងនឹងអ៉ីរ៉ង់ជាស្ថាពរ ប៉ុន្តែបានព្រមានថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការឆ្លើយតបយ៉ាងចាស់ដៃដោយប្រើកម្លាំងយោធា ទៅនឹងការវាយប្រហារជាថ្មីណាមួយលើកប៉ាល់ពាណិជ្ជកម្មក្នុងតំបន់ច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការកត់សម្គាល់បែបនេះរបស់លោក Rubio ធ្វើឡើងបន្ទាប់ពីមន្ត្រីយោធាកំពូលម្នាក់របស់សហរដ្ឋអាមេរិកបាននិយាយថាកងកម្លាំងអាមេរិកនៅតែបន្តត្រៀមខ្លួនជានិច្ចដើម្បីចាប់ផ្ដើមប្រតិបត្តិការ ប្រយុទ្ធឡើងវិញ ប្រសិនបើទទួលបានបញ្ជាពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមាន លោក Rubio បានអះអាងថាសហរដ្ឋអាមេរិកសម្រេចបាននូវកម្មវត្ថុរបស់ខ្លួននៅក្នុងប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់ ហើយថាទីក្រុងវ៉ាស៊ីនតោនពេញចិត្តចំពោះជំហានឆ្ពោះទៅរកសន្តិភាព ខណៈលោក ត្រាំ ចង់បានកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់។ «ប្រតិបត្តិការ Operation Epic Fury បានបញ្ចប់ជាស្ថាពរ។ យើងសម្រេចបានកម្មវត្ថុនៃប្រតិបត្តិការនេះ»។ នេះជាការគូសបញ្ជាក់របស់លោក Marco Rubio។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក៏បាននិយាយដែរថាសហរដ្ឋអាមេរិកមិនចង់មានជម្លោះទេ ប៉ុន្តែលោកបានព្រមានថាការវាយប្រហារណាមួយពីអ៉ីរ៉ង់ នឹងត្រូវប្រឈមមុខនឹងការសងសឹកដ៏មហន្តរាយពីយោធាអាមេរិក៕
