នាវាផ្ទុកយន្តហោះបារាំង ដើរដោយថាមពលនុយក្លេអ៊ែរ ទៅជិតសមុទ្រក្រហម ក្បែរច្រក Hormuz
ក្រុមនាវាផ្ទុកយន្តហោះរបស់បារាំង កំពុងធ្វើដំណើរទៅភាគខាងត្បូងនៃព្រែកជីកស៊ុយអេ (Suez) ចូលទៅក្នុងសមុទ្រក្រហម ដើម្បីត្រៀមសម្រាប់បេសកកម្មមិនប្រាកដប្រជានាពេលអនាគត ដែលជាផ្នែកមួយនៃផែនការបារាំង-អង់គ្លេសសម្រាប់ច្រកសមុទ្រហ័រមូស (Hormuz)។ នេះបើយោងតាមកងកម្លាំងប្រដាប់អាវុធបារាំងលើកឡើងកាលពីថ្ងៃពុធ។
យោងតាមសារព័ត៌មាន ABC ផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នាវាផ្ទុកយន្តហោះ Charles de Gaulle ដើរដោយថាមពលនុយក្លេអ៊ែរ រួមទាំងមាននាវាអមដំណើរ ផ្លាស់ប្តូរទីតាំងឆ្ពោះទៅភាគខាងត្បូងព្រែកជីកស៊ុយអេ គឺជាដំណាក់កាលចុងក្រោយនៃការដាក់ពង្រាយនាវានៅមជ្ឈិមបូព៌ា ដែលជាប្រកាសលើកដំបូងដោយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ក្នុងសុន្ទរកថាតាមទូរទស្សន៍នៅថ្ងៃទី០៣ ខែមីនា មួយថ្ងៃ មុនពេលអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ។

ការផ្លាស់ប្តូរទៅភាគខាងត្បូងនៃព្រែកជីកស៊ុយអេ នាំឱ្យនាវាផ្ទុកយន្តហោះតែមួយគត់របស់បារាំងខិតទៅជិតចំណុចប្រសព្វនៃឈូងសមុទ្រពែរ្ស ជាកន្លែងដែលប្រេងមួយភាគប្រាំរបស់ពិភពលោកតែងឆ្លងកាត់ តែអ៊ីរ៉ង់បិទចរាចរណ៍ពាណិជ្ជកម្ម ចាប់តាំងពីដើមខែមីនា ដើម្បីដាក់សម្ពាធឲ្យសហរដ្ឋអាមេរិកបោះបង់ការធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់។
លោក Guillaume Vernet អ្នកនាំពាក្យរបស់ប្រធានសេនាធិការកងកម្លាំងប្រដាប់អាវុធបារាំងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា៖ « ដំណើរឆ្ពោះទៅភាគខាងត្បូងនៃព្រែកជីក Suez គឺជារឿងថ្មីសម្រាប់យើង។ តាមភូមិសាស្ត្រ វានៅជិតច្រកសមុទ្រ Hormuz ជាង ដូច្នេះនឹងអាចឱ្យយើងឆ្លើយតបបានលឿនជាងមុន ពេលមានលក្ខខណ្ឌណាមួយដែលត្រូវបានបំពេញ»។
យ៉ាងណា លោក Vernet សង្កត់ធ្ងន់ថា៖ « សន្តិសុខពហុជាតិសាស្រ្តនៅច្រក Hormuz បង្កើតឡើងដោយប្រទេសបារាំង ចក្រភពអង់គ្លេសនិងប្រទេសជាង ៥០ប្រទេសនឹងមិនចាប់ផ្តើមប្រតិបត្តិការទេ រហូតដល់កម្រិតពីរត្រូវបានលុបចោល ដូចជាការគំរាមកំហែងដល់ការដឹកជញ្ជូនត្រូវតែបន្ថយ ហើយឧស្សាហកម្មសមុទ្រត្រូវតែធានាឱ្យបានគ្រប់គ្រាន់ដើម្បីប្រើប្រាស់ច្រកសមុទ្រ»។
លោកបន្ថែមថា ប្រតិបត្តិការណាមួយកើតឡើងនឹងតម្រូវឱ្យមានការព្រមព្រៀងពីប្រទេសជិតខាង។
លោកមានប្រសាសន៍ថា៖ « សព្វថ្ងៃនេះ ច្រកសមុទ្រ Hormuz ជាប់គាំងដោយសារតែការគំរាមកំហែង ហើយការធានាចំពោះសុវត្ថិភាពគឺខ្ពស់ណាស់។ គ្មានកប៉ាល់ណាមួយនឹងធ្វើឱ្យដំណើរទៅកន្លែងគ្រោះថ្នាក់នោះទេ»។
គួរបញ្ជាក់ថា ប្រតិបត្តិការរបស់បារាំងគឺខុសពីគម្រោងសេរីភាពឬ «Project Freedom» ជាបេសកកម្មអមដំណើររបស់សហរដ្ឋអាមេរិកចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ទាញការបាញ់ប្រហារ និងការគំរាមកំហែងពីអ៊ីរ៉ង់ ទោះបីជាមានបទឈប់បាញ់នៅថ្ងៃទី ៨ ខែមេសា។
លោក Vernet និយាយថា៖ « វាជាបេសកកម្មមួយដែលខុសពីបេសកកម្មរបស់សហរដ្ឋអាមេរិក។ ផែនការបារាំង-អង់គ្លេសគឺជាការការពារ និងស្របតាមច្បាប់អន្តរជាតិ»៕