សម្តេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់លើក្រុមគ្រួសារ កងទ័ពឈរជើងការពារទឹកដី និងយុទ្ធជនពលី

(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត​ទុក​ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម​ទាំងអតីតយុទ្ធជនផងដែរ។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយ​ក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ​ខេត្ត​តាកែវ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ។

ក្នុងជំនួសសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីវីរភាព និង​គុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរៈកងទ័ព ក៏ដូចជាវីរៈនគរបាលជាតិ ដែល​​បានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិ ទឹកដី និងប្រជាជន។ ដើម្បីតបស្នងស្នងគុណ ក៏ដូចជាការអនុវត្តន៍នយោបាយ «ខឿនការពារជាតិរបស់ប្រជាជន» នោះ សម្តេចតេជោ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់លើជីវភាពក្រុមគ្រួសាររបស់ពួកគេ កុំឱ្យពួកគេមានការព្រួយបារម្ភចំពោះគ្រួសារ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អ្នកដែលរងគ្រាប់គេនៅមុខ ដើម្បីសេចក្តី​សុខ​យើងទាំងអស់។ ដូច្នេះគ្រាន់តែយើង​អើត​មើលគ្រួសារគាត់ គឺជាកាតព្វកិច្ចចូល​រួមក្នុង​កិច្ច​ការពារជាតិទៅហើយ។ គាត់​ពលីជីវិត​ទៅ​ហើយ យើងត្រូវមើលគ្រួសារគាត់ ជួយកូន​ចៅ​គាត់​ឱ្យបានសិក្សារៀនសូត្រ»

សម្តេចតេជោ បានបន្ថែមថា «យើងត្រូវបន្តចំពោះកិច្ចការទាក់ទងខឿនការពារជាតិ​របស់​ប្រជាជន។ អ្នកទៅមុខគេ​ការ​ពារទឹកដី យើងនៅក្រោយ ត្រូវធ្វើការជួយដល់គ្រួសារ​កង​ទ័ព យុទ្ធជនពិការ និងពលី ដើម្បី​​កាត់​បន្ថយកង្វល់របស់អ្នកនៅខាងមុខ»

ក្រៅពីមានប្រសាសន៍ណែនាំយកចិត្តទុកដាក់លើក្រុមគ្រួសារយុទ្ធជនហើយនោះ សម្តេច​តេជោ ហ៊ុន សែន ក៏រំលឹករឿងរ៉ាវមួយចំនួនពាក់ព័ន្ធនឹងខេត្តតាកែវ នៅពេលសម្តេចនៅ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តតាកែវ គឺជាខេត្តដែល​សម្តេច​បានដកពិសោធន៍នូវរឿងរ៉ាវចំនួនពីរ ទី១) ការបែងចែកធ្លីជូនប្រជាពលរដ្ឋ និង​ទី២ គឺការដាក់ចេញកិច្ចអន្តរាគមន៍ធ្វើប្រឡាយ និងការកែលំអពូជស្រូវ រហូតសម្តេច​មាន​ទ្រឹស្តីថា «ច្រូតស្រូវក្នុងទឹក ប្រសើរជាងគ្មានស្រូវច្រូត»

ក្នុងជំនួបសំណេះសំណាលនេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក៏បានលើក​ពីបញ្ហា​ពាក់​ព័ន្ធសភាពការណ៍របស់ពិភពលោក និងនៅក្នុងប្រទេសកម្ពុជា ដូចទៅនឹងខេត្តកំពង់ចាម ត្បូងឃ្មុំ និងកំពង់ស្ពឺដែរ។

នៅចំពោះមុខថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹក​នាំ​មន្ទីរ អង្គភាពនានាក្នុងខេត្ត សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យចិត្តទុក​ដាក់លើ​បញ្ហាមួយចំនួនទៀត។ បញ្ហាដែលសម្តេចតេជោប្រមុខរដ្ឋស្តីទី បានណែនាំឱ្យយក​ចិត្ត​ទុក​ដាក់នោះ មានដូចជា​ការយកចិត្តទុកដាក់អនុវត្តន៍នយោបាយភូមិឃុំមានសុវត្ថិភាព, យកចិត្តទុកដាក់ការ​ផ្តល់​សេវាសាធារណៈឱ្យបានល្អប្រសើរ, ចូលរួមគាំទ្រការកៀរ​គរ​ពន្ធ​ដារ និងពន្ធគយ, យកចិត្ត​ទុក​ដាក់ទប់ស្កាត់បទល្មើសធនធានធម្មជាតិ, យកចិត្តទុកដាក់​ដោះស្រាយវិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋតាមរយៈយន្តការក្រៅប្រព័ន្ធតុលាការ និងការវាស់​វែង​ចេញ​បណ្ណកម្មសិទ្ធ​ដី​ធ្លី និងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន។

ពាក់ព័ន្ធកិច្ចការពារធនធានធម្មជាតិ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបំផុស​ចល​នា​​ក្នុង​ការដាំកូនឈើ ដើម្បីក្លាយជាដំណាំឧស្សាហកម្ម និងគម្របព្រៃឈើ​ទ្រទ្រង់​ដល់​បរិស្ថាន។

ពាក់ព័ន្ធបញ្ហាដីធ្លី សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យយកចិត្តទុកដាក់ដោះស្រាយ​ដោយ​ជ្រើសយកយន្តការក្រៅប្រព័ន្ធតុលាការ ក៏ដូចជាពន្លឿនចេញបណ្ណកម្មសិទ្ធិជូនពួក​គាត់។

សម្តេចតេជោ ហ៊ុន សែន បានណែនាំយកចិត្តទុកដាក់លើការគ្រប់គ្រងកម្មករ និយោជិត​នៅតាម​រោង​ចក្រ សហគ្រាស និងអ្នកធ្វើការក្រៅប្រព័ន្ធ។ សម្តេចតេជោ ក៏បានណែនាំ​ដល់​អាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងលុបបំបាត់ការ​បង្កភាព​ថ្នាំងថ្នាក់ផ្សេងៗ។

ដោយសារខេត្តតាកែវ មានព្រំដែនជាប់ជាមួយប្រទេសវៀតណាមនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរខេត្តតាកែវ ឱ្យយកចិត្តទុកដាក់ពង្រឹងនូវ​ទំនាក់​ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសវៀតណាម។ សម្តេចតេជោ ក៏បានឆ្លៀតរំលឹកនូវកិច្ចសហប្រតិបត្តិការល្អៗដែលកម្ពុជា និងវៀតណាមធ្លាប់បានធ្វើជាមួយគ្នាផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង