អង្គការនាវាចរណ៍សមុទ្រអន្តរជាតិ៖ កប៉ាល់សរុបប្រហែល១៥០០គ្រឿង ជាប់គាំងនៅតំបន់ឈូងសមុទ្រអារ៉ាប់ ដោយសារវិបត្តិសង្រ្គាមអ៉ីរ៉ង់
(បរទេស)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ប្រធានអង្គការនាវាចរណ៍សមុទ្រអន្តរជាតិ IMO របស់ UN បានឱ្យដឹងថា កប៉ាល់ប្រហែល១៥០០គ្រឿង រួមជាមួយនាវិកនៃកប៉ាល់ទាំងអស់នោះ ត្រូវជាប់គាំងនៅតំបន់ឈូងសមុទ្រអារ៉ាប់ ដោយសារតែវិបត្តិសង្រ្គាមមជ្ឈិមបូព៌ា ដែលបាននាំឱ្យអ៉ីរ៉ង់បិទខ្ទប់ច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ថ្លែងប្រាប់សន្និសីទនាវាចរណ៍សមុទ្រនៃទ្វីបអាមេរិក នៅឯប្រទេសប៉ាណាម៉ា អគ្គលេខាធិការ IMO លោក Arsenio Dominguez បាននិយាយថា នាពេលនេះ មាននាវិកខ្ទង់ ២០ ០០០នាក់ និងកប៉ាល់ប្រហែល១៥០០គ្រឿង ដែលកំពុងជាប់គាំង។ លោក Dominguez បានបន្តថា នាវិកទាំងនោះគឺជាជនស្លូតត្រង់ ដែលបំពេញការងាររៀងរាល់ថ្ងៃ ដើម្បីបម្រើជាប្រយោជន៍ដល់ប្រទេសដទៃទៀត ប៉ុន្តែឥឡូវត្រូវជាប់គាំង ដោយសារតែស្ថានការណ៍ភូមិសាស្រ្តនយោបាយ ដែលពួកគេមិនអាចធ្វើអ្វីកើត។
ប្រមុខ IMO បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នាវិក១០នាក់ហើយបានបាត់បង់ជីវិត ក្នុងការវាយប្រហារសរុបច្រើនជាង៣០លើក មកលើកប៉ាល់ពាណិជ្ជកម្ម ហើយលោកទទូចឱ្យចៀសវាងបញ្ជូនកប៉ាល់ថែមទៀត ទៅកាន់តំបន់ឈូងសមុទ្រអារ៉ាប់ ដើម្បីកុំឱ្យចំនួននាវិកស្លាប់កើនឡើង ឬក៏នាំឱ្យមានការខាតបង់សេដ្ឋកិច្ចខ្លាំងជាងនេះ។ បើតាមលោក Dominguez ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទទួលបន្ទុកផ្លាស់ទីដល់ទៅ៨០ភាគរយ នៃទំនិញប្រើប្រាស់នៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា មុនពេលជម្លោះផ្ទុះឡើង ប្រេងនិងឧស្ម័ន២០ភាគរយរបស់ពិភពលោក ត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ជាប្រចាំ។ ការបិទខ្ទប់ច្រកសមុទ្រនោះ បានបង្កឱ្យតម្លៃប្រេងជាសកល ហក់ឡើងយ៉ាងគំហុក៕
