កម្ពុជា-សិង្ហបុរី សន្យាខិតខំរួមគ្នាបន្តសហការ ពង្រឹងចំណងមិត្តភាពឱ្យកាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យ
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Steven Pang Chee Wee នាឱកាសដែលលោកត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា ដោយក្នុងជំនួបនេះ ភាគីទាំងពីរបានសន្យាខិតខំរួមគ្នាបន្តសហការ ពង្រឹងចំណងមិត្តភាពឱ្យកាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើគ្រប់វិស័យ។
ក្នុងឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ លោកឯកអគ្គរដ្ឋទូត ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
មកដល់បច្ចុប្បន្ន, កម្ពុជា-សិង្ហបុរី បាន និងកំពុងទទួលផលយ៉ាងគាប់ប្រសើរពីចំណងមិត្តភាព, ទំនាក់ទំនងដ៏ល្អ, កិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី, ក្របខណ្ឌអាស៊ាន និងអន្តរជាតិ ក្នុងនោះ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាវិស័យផ្សេងទៀតត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ។ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សិង្ហបុរី បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំកន្លងទៅ និងមាននិន្នាការកាន់តែប្រសើរក្នុងឆ្នាំ ២០២៦ នេះបន្តទៀត ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជំរាបជូនអំពីស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន កម្មវិធីអភិវឌ្ឍន៍ ក៏ដូចជា វិធានការបន្ទាន់ជាអាទិភាពនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញថ្មីៗនេះ ដើម្បីឆ្លើយតបទៅតម្រូវការចាំបាច់នៃភាពមិនប្រាកដប្រជាខ្ពស់នៃសកលលោកដែលជះឥទ្ធិពលអវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃរបស់កម្ពុជា ។
ឯកអគ្គរដ្ឋទូតសិង្ហបុរី បានសម្តែងនូវអំណរគុណចំពោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យ លោកបានចូលជួបសម្តែងការគួរសម និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅភាពមិនប្រកដប្រជាខ្ពស់នៃសកលលោក ដើម្បីធានាបាននូវស្ថិរភាពនយោបាយ លំហ្នឹងជីវភាពប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ច ព្រមទាំងសម្រេចបាននូវសមិទ្ធិផលធំៗជាច្រើន ក្នុងការបន្តទាក់ទាញការវិនិយោគ និងទេសចរណ៍ សម្រាប់ចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈ ការដាក់ចេញនូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ចំគោលដៅ និងប្រទាក់ក្រឡា ជាច្រើន ។
អគ្គបណ្ឌិតសភាចារ្យ និងឯកអគ្គរដ្ឋទូត បានសន្យាខិតខំរួមគ្នាបន្តសហការជិតស្និទ្ធ ពង្រឹងចំណងមិត្តភាពកម្ពុជា-សិង្ហបុរីឱ្យកាន់តែរឹងមាំ ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិស័យ ជាពិសេស ការវិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍, កិច្ចសហការរវាងរដ្ឋ និងរដ្ឋ និងឯកជន, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឡូជីស្ទីក, ស្បៀងអាហារ ស្រូវ-អង្ករ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារ ជាដើម ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ៕
