អ៊ីស្រាអែល-លីបង់ នឹងចរចាជុំទី៣​នៅសប្តាហ៍ក្រោយ​ នៅអាមេរិក រកការឯកភាព​បញ្ចប់ជម្លោះ

មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ថា ប្រទេសអ៊ីស្រាអែល និងលីបង់ នឹងរៀបចំកិច្ចចរចាដោយផ្ទាល់ជុំទីបីនៅទីក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ក្រោយ ចំពេលដែលមានការពន្យារពេលនៃបទឈប់បាញ់ដ៏ផុយស្រួយ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua

មន្ត្រីសហរដ្ឋអាមេរិក បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរប្រចាំនៅអាមេរិក នឹងជួបពិភាក្សាគ្នាដោយផ្ទាល់នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍ក្រោយ ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីឈានទៅរកបទឈប់បាញ់ប្រកបដោយចីរភាព និងលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីទាំងពីរ។

ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីការវាយប្រហារលើកដំបូងរបស់អ៊ីស្រាអែលលើរដ្ឋធានីនៃប្រទេសលីបង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលភាគីអ៊ីស្រាអែលបានអះអាងថា បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុម Hezbollah។

ជាក់ស្ដែង សហរដ្ឋអាមេរិកបានជួយសម្របសម្រួលឲ្យមានបទឈប់បាញ់គ្នារវាង អ៊ីស្រាអែល និងលីបង់ កាលពីខែមុន ដែលបានជួយកាត់បន្ថយការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍រវាងអ៊ីស្រាអែល និងក្រុម Hezbollah បន្ទាប់ពីបទឈប់បាញ់គ្នារវាងអាមេរិក និងអ៊ីរ៉ង់ បានចូលជាធរមានកាលពីថ្ងៃទី ៨ ខែមេសា។

ទោះជាយ៉ាងណាក៏ដោយ បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ បាននិងកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង។ កាលពីល្ងាចថ្ងៃពុធ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាលើកដំបូងរបស់ខ្លួន លើជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត (Beirut) ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីពាក់កណ្តាលខែមេសា នេះបើយោងតាមការចុះផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍លីបង់ al-Jadeed។ ចំណែកឯក្រុម Hezbollah វិញ បានអះអាងពីការវាយប្រហារសងសឹកលើរថយន្តយោធា និងការប្រមូលផ្តុំកងទ័ពរបស់អ៊ីស្រាអែល៕

អត្ថបទដែលជាប់ទាក់ទង