សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកអាជ្ញាធរយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធពលី ពិការ និងគ្រួសារអតីតយុទ្ធជន

(កំពត)៖ ពីលើទឹកដីខេត្តកំពតភាគនិរតីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រ​មុខ​​​រដ្ឋស្តីទីកម្ពុជា បន្តក្រើនរំលឹកអាជ្ញាធរនៅមូលដ្ឋានឱ្យយកចិត្តទុកដាក់លើជីវភាព​គ្រួ​សារ​យុទ្ធជននៅជួរមុខ ពលី ពិការ និងគ្រួសារអតីតយុទ្ធជន។

ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព​នានានៅខេត្តតាកែវ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំបែបនេះទៅកាន់មន្ត្រីនៅក្នុងខេត្តតាកែវ។ ជំនួបជាមួយក្នុងជំនួប​ជា​មួយ​ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព​នានានៅ​ខេត្ត​កំពត និងខេត្តកែប នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ក៏បន្តរំលឹក​រឿងនេះជាថ្មីទៀត។

ការរំលឹកជាបន្តបន្ទាប់របស់សម្តេចតេជោ ហ៊ុន សែន ជាការបង្ហាញនូវដួងចិត្តគិតគូរ​ខ្ពស់​ចំពោះសុខទុក្ខគ្រួសារយុទ្ធជន ក៏ដូចជាយុទ្ធជន ក៏ដូចជាអតីតយុទ្ធជន ដែលជាអ្នកបាន​លះ​បង់ធំធេងសម្រាប់បុព្វហេតុជាតិមាតុភូមិប្រកបដោយភាពអង់អាចក្លាហាន។ សម្តេច​តេជោ បានណែនាំដល់អាជ្ញាធរតាមមូលដ្ឋានក្តាប់ឱ្យបាននូវចំនួនក្រុមគ្រួសារយុទ្ធ​ជន​នៅ​ជួរមុខ យុទ្ធជនពលី ពិការ ក៏ដូចជាអតីតយុទ្ធជន ហើយត្រូវឧស្សាហ៍ចុះសួរសុខទុក្ខ និង​ពិនិត្យមើលស្ថានភាពជីវភាពរបស់ពួកគេ។

សម្តេចតេជោ បានថ្លែងក្រើនរំលឹកយ៉ាងដូច្នេះ «នៅក្នុងភូមិយើងហ្នឹងមានគ្រួសារ​យុទ្ធជន​ពលីប៉ុន្មាននាក់ អ្នកកំពុងនៅសមរភូមិ​ប៉ុន្មាន​នាក់។ វាជាកិច្ចការត្រូវតែធ្វើ ដើម្បីកាត់​បន្ថយ​ការលំបាក អារម្មណ៍មិនប្រក្រតីរបស់ប្តី ឬរបស់កូន ដែលកំពុងនៅខ្សែត្រៀមជួរ​មុខ។ កាត់បន្ថយការលំបាកគ្រួសារ ដែលបង្គោល​គ្រួសារបានពលីទៅហើយ នៅសល់​ប្រពន្ធ សល់កូន សល់ឪពុកម្តាយ។ ការជួយសម្ភារៈ​ជារឿងមួយ តែការជួយលើស្មារតី​របស់ពួកគាត់ គឺសំខាន់ណាស់។ ត្រូវ​មើល​អាហ្នឹង»

ជាមួយការជំរុញឱ្យអាជ្ញាធរយកចិត្តទុកដាក់លើគ្រួសារយុទ្ធជន យុទ្ធជនពលី ពិការ និង​អតីតយុទ្ធជននេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក៏បានណែនាំឱ្យពិនិត្យផ្តល់អាហារូប​ករ​ណ៍របស់សម្តេចជូនដល់កូនៗរបស់ពួកគេឱ្យបានសិក្សារៀនសូត្រខ្ពស់ ឬឱ្យកូនៗរបស់​ពួកគេទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្សេងៗ។

សម្តេចតេជោ បានបញ្ជាក់បន្ថែមដូច្នេះ «សូមចូលរួមធ្វើកិច្ចការនេះ ឱ្យក្លាយទៅជាចល​នា​មួយ​នៃការយកចិត្តទុកដាក់​ទៅលើ​គ្រួ​សារ​យុទ្ធជនពលី ពិការ និងយុទ្ធជននៅជួរមុខ។ […] កុំឱ្យប្តីស្លាប់ទៅហើយ ប្រពន្ធកូនរសាត់អណ្តែត»

អត្ថបទដែលជាប់ទាក់ទង