យោធាអាមេរិក សម្លាប់មនុស្ស២នាក់ទៀត ខណៈម្នាក់នៅរស់ ក្នុងការវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀន
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ យោធាអាមេរិក បាននិយាយថា ខ្លួនបានវាយប្រហារទូក១គ្រឿងទៀត ដែលត្រូវបានអះអាងថា ធ្វើសកម្មភាពរត់ពន្ធគ្រឿងញៀន នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក បណ្តាលឱ្យស្លាប់មនុស្ស២នាក់ និងបន្សល់ទុកម្នាក់នៅរស់រានមានជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ដូចក្នុងសេចក្តីប្រកាសអំពីការវាយប្រហារមុនៗ យោធាអាមេរិកបាននិយាយថា ទូកដែលត្រូវបានបាញ់កម្ទេចខាងលើ គឺធ្វើប្រតិបត្តិការដោយពួកឧក្រិដ្ឋជន ដែលត្រូវបានចាត់ថ្នាក់ជាក្រុមភេរវករ ហើយប្រភពចារកម្មរបស់ខ្លួន បានបញ្ជាក់ថា ទូកនោះធ្វើដំណើរនៅតាមគន្លងផ្លូវ ដែលត្រូវបានដឹងថា ជាផ្លូវរត់ពន្ធគ្រឿងញៀន។
រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចាប់ផ្តើមកំណត់គោលដៅវាយប្រហារ លើទូកសង្ស័យរត់ពន្ធគ្រឿងញៀន កាលពីខែកញ្ញា ឆ្នាំ២០២៥ ក្នុងយុទ្ធនាការមួយ ដែលត្រូវបានអះអាងថា ជាសង្រ្គាមប្រឆាំងពួកភេរវជនគ្រឿងញៀន ដែលធ្វើប្រតិបត្តិការចេញពីតំបន់អាមេរិកឡាទីន។ យ៉ាងណាមិញ ទីក្រុងវ៉ាស៉ីនតោន មិនបានផ្តល់ភស្តុតាងជាក់ស្តែងណាមួយ ដែលបង្ហាញថា ទូកទាំងនោះពិតជាជាប់ពាក់ព័ន្ធក្នុងសកម្មភាពរត់ពន្ធគ្រឿងញៀនមែនឬអត់ឡើយ។ ហេតុនេះហើយ អ្នកជំនាញផ្នែកច្បាប់និងក្រុមសិទ្ធិមនុស្សយល់ថា ការវាយប្រហារទាំងនេះ អាចស្មើនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធយុត្តិធម៌ ដោយសារតែពួកវាហាក់ដូចជាការកំណត់គោលដៅលើជនស៉ីវិល ដែលមិនបង្កការគំរាមកំហែងភ្លាមៗណាមួយទាល់តែសោះ ចំពោះសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ចំនួនមនុស្សដែលត្រូវបានសម្លាប់ ក្នុងយុទ្ធនាការរបស់យោធាអាមេរិក គិតមកទល់ពេលនេះ បានបន្តកើនដល់យ៉ាងហោច១៩២នាក់។ ការវាយប្រហារកាលពីថ្ងៃសុក្រ គឺយ៉ាងហោចណាស់ជាលើកទី១០ ក្នុងរយៈពេល១ខែ៕
