សមត្ថកិច្ចខេត្តបាត់ដំបង ឆ្មក់បង្ក្រាបទីតាំងកាស៊ីណូបង្កប់ល្បែងអនឡាញមួយកន្លែង ឃាត់ខ្លួនមនុស្ស១៧នាក់
ទីតាំងកាស៊ីណូមួយកន្លែងនៅស្រុកសំពៅលូនដែលមានយីហោ «វ៉ាណាធាន» ដែលលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ជាយូរមកហើយនោះ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង ដឹកនាំដោយអភិបាលរងខេត្ត ឆ្មក់ចុះបង្ក្រាប និងឃាត់ខ្លួនមនុស្សចំនួន ១៧នាក់។

ការចុះបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងអនឡាញខុសច្បាប់នេះ ធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយរហូតដល់សមត្ថកិច្ចចម្រុះសម្រុកចូលត្រួតពិនិត្យ និងរកឃើញវត្ថុតាងជាក់ស្តែងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងប្រតិបត្តិការបង្ក្រាប ក្រោមការដឹកនាំផ្ទាល់របស់លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង កម្លាំងចម្រុះប្រមាណ ២៥នាក់ បានចុះឆ្មក់ត្រួតពិនិត្យទីតាំងកាស៊ីណូ «វ៉ាណាធាន» ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញការលួចបង្កប់លេងល្បែងអនឡាញខុសច្បាប់ចំនួន ០២បន្ទប់ ព្រមទាំងឃាត់ខ្លួនមនុស្សសរុប ១៧នាក់ ក្នុងនោះមានជនបរទេស ០៣នាក់ (កូរ៉េ ២នាក់ និងចិន ១នាក់) ជនជាតិខ្មែរ ១៤នាក់ រួមទាំងម្ចាស់ទីតាំងគ្រប់គ្រងឈ្មោះ ឈាង រស្មី។

ជុំវិញកិច្ចប្រតិបត្តិការនេះ គេមិនទាន់ដឹងថា តើកាស៊ីណូនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬយ៉ាងណានោះទេ ខណៈមនុស្សទាំង ១៧នាក់ ព្រមទាំងវត្ថុតាង (កុំព្យូទ័រ, តុបៀរ, និងសម្ភារៈល្បែង) ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការតាមផ្លូវច្បាប់៕
