ថៃបារម្ភថា​ ការអូសបន្លាយនៃបញ្ហាព្រំដែនធ្វើឱ្យប្រទេសដទៃដណ្ដើមទីផ្សាររបស់ខ្លួននៅ​កម្ពុជាកាន់​តែ​ច្រើន

វិស័យឯកជន​ថៃកំពុង​បារម្ភកាន់តែខ្លាំងឡើងថា ការអូសបន្លាយនៃជម្លោះព្រំដែនថៃ-កម្ពុជា​កំពុងបើកផ្លូវឱ្យប្រទេសដទៃដណ្ដើមចំណែក​ទីផ្សាររបស់ខ្លួននៅកម្ពុជាកាន់តែច្រើនទៅ​ៗ ​ខណៈការរំខានពាណិជ្ជកម្ម និង​ពហិការលើទំនិញថៃ នៅតែបន្ត​ប៉ះពាល់ដល់អាជីវកម្មថៃដែលកំពុងប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃ-កម្ពុជា លោក Voratat Tantimongkolsuk បាននិយាយថា ជម្លោះព្រំដែន និង​ការបិទព្រំដែនតាំងតែពីឆ្នាំមុខមក ​បានប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ និងអាជីវកម្មនៅភាគី​ទាំងសងខាង​​ ហើយបញ្ហាដដែលនេះ បាន​បើកឱកាសសម្រាប់ដៃគូប្រកួតប្រជែងដូចជា វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីពង្រីកវត្តមានរបស់ពួកគេនៅ​លើទីផ្សារ​កម្ពុជា។

​ទិន្នន័យបង្ហាញថា ផលិតផលពីប្រទេសទាំងនោះ បានជំនួសទំនិញថៃកាន់តែច្រើន​នៅ​កម្ពុជា ទោះបីជា​ពួកគេត្រូវចំណាយថ្លៃ​ដឹកជញ្ជូនខ្ពស់ជាង​ថៃក៏ដោយ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ តម្លៃពាណិជ្ជកម្មរបស់សិង្ហបុរីជាមួយកម្ពុជាបានកើនឡើងជាង ២០០% វៀតណាមកើនឡើងជាង ៤% ​​ហើយ​ម៉ាឡេស៊ីកើនឡើងប្រហែល ៥១%។

លោក Voratat បាន​ថ្លែងថា៖ «ពេលយើងឈ្លោះគ្នា អ្នកដទៃចូលមកជំនួសយើង» ដោយបន្ថែមថា ផលិតផលថៃកំពុងប្រឈមមុខនឹងគុណវិបត្តិកាន់តែខ្លាំងឡើង មិនត្រឹមតែដោយសារតែបញ្ហាភស្តុភារប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែ «អារម្មណ៍ប្រឆាំងថៃ» កើនឡើងនៅ​កម្ពុជាផងដែរ ដែលបណ្តាលឱ្យការបញ្ជាទិញទំនិញថៃធ្លាក់ចុះជាបន្តបន្ទាប់។

​អ្នកជំនាញដដែលបាន​បន្តថា ថៃបានបញ្ចៀសការបង្ហាញថាខ្លួនឯងរងផលប៉ះពាល់យ៉ាងដំណំពីភាពតានតឹងព្រំដែន ប៉ុន្តែការពិតបាន​រង​ការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុណ

ការបិទព្រំដែនតាំងតែ​ពីខែមិថុនាឆ្នាំមុនមក​ បានធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែនគោករវាងប្រទេសទាំង២ ធ្លាក់ចុះស្ទើរតែទាំងស្រុង។ យ៉ាងណាមិញ ​លោក Voratat បានកត់សម្គាល់ថា ការធ្លាក់ចុះសេដ្ឋកិច្ចមិនអាច​បន្ទោសតែទៅ​លើស្ថានភាពព្រំដែននោះទេ ដោយសារកត្តាសកលជាច្រើនក៏បានរួមចំណែកផងដែរ រួមទាំងសេដ្ឋកិច្ចពិភពលោកចុះខ្សោយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជម្លោះនៅមជ្ឈិមបូព៌ា ពន្ធអាមេរិក​ និង​ការឆបោក ដែលប៉ះពាល់ដល់ទំនុកចិត្តពាណិជ្ជកម្ម និងទេសចរណ៍។ ​

ការវិនិយោគរបស់ថៃនៅកម្ពុជា ដែលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤-៥ ​ប៊ីលានដុល្លារអាមេរិក ក៏មើលឃើញពី​ផលប៉ះពាល់ធ្ងន់​ផងដែរ។ អាជីវកម្មជាច្រើនបានកាត់បន្ថយប្រតិបត្តិការ ផ្អាកសកម្មភាព ឬដាក់លក់អាជីវកម្ម ជាពិសេសអ្នកលក់រាយ រោងចក្រកាត់ដេរ សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មសេវាកម្មតំបន់ព្រំដែន ​ដោយសារតែខ្សត់អតិថិជន។

របាយការណ៍មួយ​ពី​ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម​ថៃ ក្រោមក្រសួងពាណិជ្ជកម្មបានរកឃើញថា អាជីវកម្ម​​ថៃតាមបណ្ដោយព្រំដែនជាប់​កម្ពុជា​​ប្រហែល ៣០​% បានបិទទ្វាររួចហើយ ដោយសារតែពួកគេលែងអាចទ្រាំទ្រនឹងការចំណាយប្រតិបត្តិការបាន​តទៅមុខ​ទៀត​។ វិស័យដែលរងផលប៉ះពាល់រួមមាន ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនពាណិជ្ជកម្ម ភោជនីយដ្ឋាន និងសណ្ឋាគារ។

ក្រុមហ៊ុនជាច្រើន ក៏បាន​ផ្អាកការជួល និងកាត់បន្ថយការចំណាយលើឃ្លាំង និងប្រាក់ខែ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី «រស់បន្ត» ក្នុងស្ថានភាព​​មិនប្រាកដប្រជាដ៏យូរអង្វែង។

លោក Voratat បាននិយាយថា រដ្ឋាភិបាល​ថៃ​ និងកម្ពុជា គួរតែបន្តការចរចាជាបន្ទាន់ និងបន្ធូរបន្ថយភាពតានតឹង ដើម្បីការពារការខូចខាតសេដ្ឋកិច្ចបន្ថែមទៀត។ បញ្ហាដែលមិនទាន់អាចដោះស្រាយបាន អាច​ត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ការពិភាក្សា ខណៈ​វិស័យដែលអាច​ព្រមព្រៀងគ្នាបាន​ គួរតែបន្តទៅមុខភ្លាមៗ ដើម្បីស្តារទំនុកចិត្តលើពាណិជ្ជកម្ម និងការវិនិយោគ។

លោកបានព្រមានថា ការកើនឡើងកាន់តែខ្លាំងនៃ​អារម្មណ៍ជាតិនិយម​ និងអារម្មណ៍អយុត្តិធម៌ក្នុងចំណោមប្រជាជននៅ​ប្រទេសទាំង២ អាចបង្កើតសម្ពាធនយោបាយ និងធ្វើឱ្យការសម្របសម្រួលកាន់តែពិបាកសម្រាប់រដ្ឋាភិបាលទាំង២​។

លោក Voratat បាន​ថ្លែងយ៉ាងដូច្នេះថា៖ «នៅទីបញ្ចប់ គ្មាននរណាម្នាក់ចង់ឃើញជម្លោះអូសបន្លាយនោះទេ ពីព្រោះផលប៉ះពាល់មិនត្រឹមតែលើរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដោយផ្ទាល់ដល់ប្រតិបត្តិករអាជីវកម្ម កម្មករ និងសេដ្ឋកិច្ចនៃប្រទេសទាំង២។ រឿងសំខាន់គឺត្រូវស្វែងរកផ្លូវត្រឡប់ទៅរកការចរចាវិញ ដើម្បីកុំឱ្យការខូចខាតរីករាលដាលបន្ថែមទៀត»៕

អត្ថបទដែលជាប់ទាក់ទង