កម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបជនជាតិចិន៣នាក់ ពាក់ព័ន្ធបទល្មើសលួចរថយន្ដ និងផ្លាកលេខរថយន្ដ៦ករណី

(ភ្នំពេញ)៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញមុខជនសង្ស័យជនជាតិចិនចំនួន៣នាក់ ដែលបានធ្វើសកម្មភាពលួចរថយន្ត និងផ្លាកលេខរថយន្តចំនួន៦ករណីផ្សេងគ្នា ក្នុងនោះលួចរថយន្តបាន៣ករណី និងលួចផ្លាកលេខរថយន្ត៣ករណី។

ការបង្ក្រាបនេះ អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានលោកឧត្តមសេនីយ៍ត្រី ប៊ុនសត្យា ស្នងការរងទទួលផែនការងារនគរបាល ព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងស្រាវជ្រាវបង្ក្រាបជនសង្ស័យទាំង៣នាក់នេះ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

ជនសង្ស័យទី១៖ ឈ្មោះ FEI YIYUAN កើតឆ្នាំ១៩៨៤ មុខរបរមិនពិតប្រាកដ, ទី២៖ឈ្មោះ XUE XITAO កើតឆ្នាំ១៩៩២​ មុខរបរមិនពិតប្រាកដ និងទី៣៖ឈ្មោះ QIAN XIQIANG កើតឆ្នាំ១៩៩២ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់ នៅបន្ទប់ជួលអាគារ​ BAI LY2 ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើបានធ្វើសកម្មភាពរួមមាន៖

*ទី១៖ លួចរថយន្តម៉ាក ALPHARD ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​កម្ពុជា APO.K66 នៅចំណុច អគារខុនដូ ONE PRAK សង្កាត់ស្រះចក​ ខណ្ឌដូនពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦
*ទី២៖ លួចរថយន្តម៉ាក LEXUS LM350 ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​កម្ពុជា H.Z.8998 នៅចំណុចអគារខុនដូ ONE PRAK សង្កាត់ស្រះចក​ ខណ្ឌដូនពេញ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦
*ទី៣៖ លួចរថយន្តម៉ាក GAC NG8 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2CI-3521 នៅចំណុចបុរីប៉េងហួត​ គម្រោងអេកូសាន់រ៉ាយ​ ភូមិស្វាយតាអុក​ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ​ កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦
*ទី៤៖ លួចផ្លាកលេខរថយន្តភ្នំពេញ2M-2149 នៅចំណុចមុខឃ្លាំង ក្នុងបរិវេណបុរីមង្គលថ្មី ភូមិ១ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦
*ទី៥៖ លួចផ្លាកលេខរថយន្តភ្នំពេញ2W-4016 នៅចំណុចមុខផ្ទះលេខ៤៩៧ ផ្លូវលំ ភូមិកោះតេជោ២ សង្កាត់គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦
*ទី៦៖ លួចផ្លាកលេខរថយន្តភ្នំពេញ2CH-6300 នៅចំណុចភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

សម្ភារដកហូត រថយន្តចំនួន១គ្រឿង ម៉ាក Prius ពណ៌ទឹកមាស​ ផ្លាកលេខភ្នំពេញ2BC-8508 ឆ្នាំ២០០៩ (ជាមធ្យោបាយធ្វើសកម្មភាព) ឧបករណ៍សម្ភារបម្រើឲ្យអំពើលួច និងផ្លាកលេខចំនួន១០សន្លឹក។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង