សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី១២ឆ្នាំ ឯកសារសំឡេងនិទានរឿង រាមកេរ្តិ៍ដោយតាគ្រុឌ ចុះក្នុងបញ្ជីស្មារតីចង់ចាំ នៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសារ អបអរសាទរ ខួបលើកទី១២ឆ្នាំ (១៥ ឧសភា ២០១៤ – ១៥ ឧសភា ២០២៦) ឯកសារសំឡេងនិទានរឿង រាមកេរ្តិ៍ដោយតាគ្រុឌ ចុះក្នុងបញ្ជីស្មារតីចង់ចាំ នៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការយូណេស្កូ ។

លោកតា ឆុន គ្រុឌ កើតនៅឆ្នាំ១៩០១ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ លោកបានចេះជំនាញនិទានរឿងរាមកេរ្ដិ៍ពីលោកតា អ៊ូ ផង។ ការនិទានរឿងរាមកេរ្ដិ៍របស់លោកតាគ្រុឌ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនទូទៅជាច្រើន ដោយអញ្ជើញលោកតា ឱ្យទៅនិទានរឿងស្ទើរគ្រប់ទីកន្លែងដូចជា ខេត្តកំពង់ចាម កណ្ដាល សៀមរាប ភ្នំពេញ… ក៏ដូចជាតាមស្ថានីយវិទ្យុ រហូតត្រូវបានព្រះបរមរតនកោដព្រះបាទ នរោត្តម សីហនុ ព្រះរាជអនុញ្ញាតឱ្យមកនិទានរឿងរាមកេរ្ដិ៍ ក្នុងពិធីបុណ្យមួយនៅក្នុងព្រះបរមរាជវាំង ហើយទ្រង់ក៏បានប្រទានងារដល់លោកតា ជា “នាយមហាគ្រុឌ”។

ឯកសារសំឡេងនិទានរឿងរាមកេរ្ដិ៍ដោយតាគ្រុឌ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកតំបន់អាស៊ីប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅខេត្តក្វាងចូវ ប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង