ឃាត់ខ្លួនជនបរទេស ២២នាក់លាក់ខ្លួនក្នុងភោជនីយដ្ឋាន «តុងផឹងចំការកម្សាន្ត» សង្ស័យប្រព្រឹត្តបទល្មើស Online Scam

ជនបរទេស ២២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន សង្ស័យពាក់ព័ន្ធ បទល្មើស អនឡាញស្កេម។ ប្រតិ្តបត្តិការណ៍នេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅភោជនីយដ្ឋាន តុងផឹងចំការកម្សាន្ត ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីអាជ្ញាធរ ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាព និងមានការសម្របសម្រួលនីតិវិធី ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាលជនបរទេសស្នាក់នៅសង្ស័យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)។

ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានរកឃើញជនជាតិបរទេសសរុប៣៩នាក់ (ស្រី ០៤នាក់) មានលិខិតឆ្លងដែន ១៧នាក់ (ស្រី០១នាក់) បានអប់រំ និងអោយចាកចេញពីទីតាំងខាងលេី។ គ្មានលិខិតឆ្លងដែន ២២នាក់ (ស្រី០៣នាក់) មាន ០៣សញ្ជាតិ ជនជាតិចិន ២០នាក់(ស្រី០២នាក់), មីយ៉ាន់ម៉ា ០១នាក់(ស្រី) និងម៉ាឡេស៊ី ០១នាក់(ប្រុស) ស្នាក់នៅខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ជនបរទេស ២២នាក់(ស្រី ០៣នាក់) ដែលគ្មានលិខិតឆ្លងដែន ត្រូវបានកម្លាំងប្រគល់ឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង