ក្រោយប្រតិកម្មខ្លាំងពីសម្តេចតេជោ ក្រសួងសម្រេចបញ្ចប់តំណែង និងលុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ លើមន្ត្រីកាងឈ្មួញនាំទុរេននាំពីថៃ
(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្រេចបញ្ចប់តំណែង និងលុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ លោក គឹម ប្រុស ពីប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប» ខេត្តបាត់ដំបង។
សេចក្តីសម្រេចនេះ បានធ្វើឡើងក្រោយការប្រតិកម្មខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ ក្នុងកិច្ចសំណេះសំណាលនៅខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានប្រកាសចង់ឃើញការចាត់វិធានការលើលោក គឹម ប្រុស ដែលសម្តេចហៅថា ជាអ្នកកាងឈ្មួញនាំទុរេនមកពីថៃ។
«ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ […] ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹងបានមានវិធានការហើយនៅ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហានេះ មិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានណែនាំដល់មន្ត្រីគ្រប់រូប មិនគួរយកគំរូតាមមន្ត្រីរូបនេះនោះឡើយ។
សម្រាប់មន្ត្រីបែបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនគួរចាត់វិធានការត្រឹមអនុវត្តន៍វិន័យរបស់មន្ត្រីនោះទេ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើតមាន។
សូមបញ្ជាក់ថា លោក គឹម ប្រុស បានទទួលការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីលោកថ្លែងបញ្ជាក់ច្បាស់ថា ទុរេនលក់នៅផ្សារភូពុយ ជាទុរេននាំពីកំពង់ចាម និងរាជធានីភ្នំពេញ។ តែក្រោយមកមានឈ្មួញបានសារភាពថា ពួកគេលួចនាំទុរេនពីថៃ តាមខេត្តបាត់ដំបងមកលក់នៅកម្ពុជា៕
