សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំផ្ដល់ផ្ទះបណ្តោះអាសន្នជូនជនភៀសសឹក ត្រូវតែមានតម្លាភាព ខណៈរដ្ឋាភិបាលនឹងបន្តទាមទារទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជាវិញ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងរដ្ឋបាលខេត្តដែលរងផលប៉ះពាល់ ពីជម្លោះព្រំដែន ត្រូវសាងសង់លំនៅឋានបណ្តោះអាសន្ន ជូនជនភៀសសឹក ប្រកបដោយតម្លាភាព ដើម្បីឱ្យអ្នកដែលរងគ្រោះនិងអ្នកបាត់ដីពិតប្រាកដ ទទួលបានផ្ទះបណ្តោះអាសន្នដែលរដ្ឋផ្តល់ជូន។
យ៉ាងនេះក្តី សម្តេចបានបវរធិបតី ហ៊ុន ម៉ាណែតគូសបញ្ជាក់ថា បើទោះបីជារដ្ឋាភិបាល រៀបចំផ្ទះឬជម្រកបណ្តោះអាសន្នជូន ជនភៀសឹកក៏ដោយ តែមិនមែនមានន័យថា រដ្ឋាភិបាលបោះបង់ដីដែលស្ថិតក្នុងដែនអធិបតេយ្យជាតិនោះឡើយ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ។
សម្តេចបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ពីណាមកមុនស្រង់ឈ្មោះធ្វើមុន បានន័យថា អ្នកដែលស្រួលបំផុត គឺអ្នកដែលនៅកន្លែង ធ្វើម៉េចឱ្យចំគោលដៅ អ្នកដែលនៅក្នុងមណ្ឌលជនភៀសសឹក ហើយកុំឱ្យជាន់គ្នា ព្រោះមួយគ្រួសារបានមួយ ជួនកាលប្តីនៅជំរុំភៀសសឹកមួយ ប្រពន្ធនៅជុំរំភៀសសឹកមួយ ពេលចុះឈ្មោះបាន២ អ៊ីចឹងយើងដកឈ្មោះវិញ ទុកឱ្យអ្នកដែលអត់ទាន់បាន និងអ្នកដែលមានដីពិតប្រាកដ(ឧទារហរណ៍ គាត់មានដីនៅទីនោះ ប៉ុន្តែគាត់ទៅធ្វើពលករនៅថៃ ឬនៅភ្នំពេញ ពេលដែលគេស្រង់ឈ្មោះ គាត់អត់បានជាប់ មានន័យថាគាត់ក៏បាត់ដីដែរ អ៊ីចឹងត្រូវស្រង់ឈ្មោះគាត់ ដើម្បីបានធ្វើ។ ធ្វើម៉េចត្រួតពិនិត្យឱ្យខ្ញុំ ឱ្យប្រាកដឱ្យច្បាស់ អ្នកដែលត្រូវបាន ត្រូវតែបាន ឱ្យមានតម្លាភាពឱ្យទទួលខុសត្រូវ ការជួយយើងនឹងជួយបន្ត អានេះ គឺសំខាន់ ។ កុំឱ្យបានហើយ អ្នកដែលត្រូវបាន អត់បាន អ៊ីចឹងគឺមិនចេះចប់រឿង» ។
ក្នុងឱកាសនោះដែរ សម្តេចបវរធិបតី បានសរសើរចំពោះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងរដ្ឋបាលខេត្តដែលបានសាងសង់ផ្ទះជូនប្រជាពលរដ្ឋបានលឿនដើម្បីឱ្យពួកគេមានជម្រកសមរម្យ។ តែយ៉ាងនេះក្តី ការរៀបចំ អាចនឹងភាពចកល្វែងខ្លះ។
សម្តេចបានបញ្ជាក់ថា ការសាង់សង់នេះ នឹងនៅតែបន្តធ្វើគ្រប់កន្លែងទាំងអស់ដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ រួមមាន ខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងពោធិ៍សាត់។
ទន្ទឹមគ្នានេះ សម្តេចបានបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បើទោះបីជា រដ្ឋាភិបាល រៀបចំផ្ទះឬជម្រកបណ្តោះអាសន្ន ជូនជនភៀសឹកក៏ដោយ តែមិនមែនមានន័យថា រដ្ឋាភិបាលបោះបង់សិទ្ធិ ក្នុងការទាមទារទឹកដី ដែលស្ថិតក្នុងដែនអធិបតេយ្យជាតិនោះឡើយ។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសុំបញ្ជាក់ម្តងទៀត ថាការរៀបចំលំនៅឋានបណ្តោះអាសន្ននេះ មិនមែនបានន័យយើងបោះបង់សិទ្ធិ នៅក្នុងការពារដីនៅក្នុងដែនអធិបតេយ្យភាពរបស់យើងទេ យើងនៅតែបន្តទាមទារ យើងនៅតែបន្តប្រើគ្រប់មធ្យោបាយ ហើយអទិភាពធំបំផុត គឺមធ្យោបាយដែល មិនត្រូវបំផ្លាញឡើងវិញ។ ផ្ទះនេះ ធ្វើឡើង២ពាន់ខ្នង ធ្វើក្នុងរយៈពេល២ខែ ខ្ញុំសរសើរថាលឿន ប៉ុន្តែបងប្អូនតែមួយព្រឹកទេ ត្រូវការយន្តហោះទម្លាប់គ្រាប់តែ២០ទេ គេខ្ទេចទាំងអស់»។
សូមជម្រាបថា គម្រោងសាងសង់លំនៅឋានបណ្តោះអាសន្ន គឺសម្រាប់ផ្ដល់ជូនទៅពលរដ្ឋភៀសសឹក ដែលមិនអាចទៅផ្ទះវិញបាន ដោយសារផ្ទះពួកគេ ត្រូវទាហានថៃបំផ្លាញ ផ្ទះនៅតំបន់ក្រហម និងស្ថិតក្នុងទីតាំងដែលមិនទាន់បោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ៕