ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ថា លោកមិនបណ្តោយឲ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ បំផ្ទុះពិភពលោក ដាច់ខាត
ថ្លែងប្រាប់ក្រុមអ្នកកាសែត នៅសេតវិមាន កាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា លោកមិនខ្វល់ឡើយថាតើ សង្គ្រាមប្រឆាំងអ៊ីរ៉ង់ ទទួលបានការគាំទ្រឬក៏អត់ ប៉ុន្តែអ្វីដែលសំខាន់ លោកមិនព្រមឲ្យទីក្រុងតេហេរ៉ង់ មានអាវុធនុយក្លេអ៊ែរ ដើម្បីបំផ្ទុះពិភពលោកដាច់ខាត។ នេះគឺជាបេសកកម្មដ៏មានតម្លៃ ដែលត្រូវតែធ្វើ ឲ្យខាងតែបាន។

សារព័ត៌មាន CNN បានដកស្រង់សម្តីលោកត្រាំ ដែលនិយាយថា៖ «មើលចុះ គ្រប់គ្នាប្រាប់ខ្ញុំថា សង្គ្រាមនេះមិនទទួលបានការគាំទ្រទេ ប៉ុន្តែខ្ញុំគិតថា វាពេញនិយមខ្លាំងណាស់ នៅពេលដែលអ្នកឮថា វាជាកិច្ចការដែលពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ដែលជាអាវុធអាចបំផ្លាញទីក្រុង Los Angeles ឬអាចបំផ្លាញទីក្រុងធំៗ បានយ៉ាងលឿនបំផុត»។
ប្រមុខសេតវិមានបន្តថា៖ «ទោះទទួលបានការគាំទ្រ ឬអត់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើវាដែរ ព្រោះខ្ញុំនឹងមិនបណ្តោយឲ្យពិភពលោក ត្រូវបំផ្លាញ ក្នុងអំឡុងពេលដែលខ្ញុំកំពុងកាន់តំណែង នោះទេ»។

ការអះអាងនេះកើតឡើង បន្ទាប់ពីមេដឹកនាំអាមេរិក ប្រកាសពន្យារពេលវាយប្រហារអ៊ីរ៉ង់សិន ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា ការផ្អាកនេះ គឺមានរយៈពេលកំណត់ ហើយប្រហែលជាបើកប្រតិបត្តិការវិញ នៅ២-៣ថ្ងៃទៀត។
សូមជម្រាបជាថ្មី សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ដៃគ្នា ធ្វើសង្គ្រាមទ្រង់ទ្រាយធំលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦។ ពេលនោះ កងទ័ពអាកាសអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងគំហុក ទៅលើទីតាំងយោធា និងអគាររដ្ឋាភិបាលសំខាន់ៗជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់។
អាមេរិក អះអាងថា ការទប់ស្កាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាគោលដៅធំបំផុត ដែលនាំឲ្យខ្លួនសម្រេច បើកប្រតិបត្តិការយោធានេះ។ អាមេរិក និងអ៊ីស្រាអែល ចោទថា ទីក្រុងតេហេរ៉ង់ បាននិងកំពុងជំរុញដំណើរការ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកម្រិតខ្ពស់ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខពិភពលោក។ ដូច្នេះហើយ ទីក្រុងវ៉ាស៊ីនតោន ទាមទារឲ្យអ៊ីរ៉ង់ ប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមទាំងអស់ និងកម្ទេចចោលនូវរោងចក្រនុយក្លេអ៊ែរ៕