នាយករដ្ឋមន្ត្រី ស៊ុយអែត ជំរុញ NATO ជួយ «តម្រង់​ទិស»​ ដល់​អ៊ុយក្រែន បាញ់ដ្រូនឲ្យចំគោល​ដៅ​រុស្ស៊ី

នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បាននិយាយកាលពីថ្ងៃទី២១ ខែឧសភា ថា បណ្តាប្រទេសជាសមាជិកអង្គការណាតូ គួរតែជួយអ៊ុយក្រែនក្នុងការ «តម្រង់ទិស» វាយប្រហារដោយដ្រូន​ឲ្យចំទិសដៅត្រឹមត្រូវ ព្រមទាំងបានទម្លាក់កំហុសលើទីក្រុងមូស្គូ ចំពោះករណីដែលដ្រូនអ៊ុយក្រែនហោះចូលដែនអាកាសរបស់​ប្រទេស​ក្នុង​ប្លុកយោធា​ណាតូ​ ដឹកនាំដោយអាមេរិកមួយនេះជាបន្តបន្ទាប់។

នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson 

យោងតាមសារព័ត៌មាន RT ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលទីភ្នាក់ងារការពារជនស៊ីវិលរបស់ស៊ុយអែត ជាមួយអគ្គលេខាធិការអង្គការណាតូ នាយករដ្ឋមន្ត្រី​ស៊ុយអែត លោក Kristersson បាននិយាយថា ៖« យើងពិតជាមិនគួរទទួលយកការលើកឡើងរបស់រុស្ស៊ីលើរឿងនេះទេ ប៉ុន្តែផ្ទុយទៅវិញ ជាការពិតណាស់ យើងត្រូវជួយអ៊ុយក្រែនឲ្យអស់ពីសមត្ថភាព ដើម្បីតម្រង់ទិស និងជួយពួកគេឲ្យតម្រង់ទិសការវាយប្រហាររបស់ពួកគេចំទិសដៅត្រឹមត្រូវ»។

លោកក៏បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រជាជនអ៊ុយក្រែន ពិតជាមិនចង់ឲ្យដ្រូនរបស់ពួកគេធ្លាក់លើទឹកដីមិត្តភាពនោះទេ។​ ប៉ុន្តែពេលខ្លះ វាជាបញ្ហានៃការរំខានរលកសញ្ញា ហើយពេលខ្លះទៀត វាជាបញ្ហានៃការរំខានផ្សេងៗ»។

ក្នុងកំឡុងសន្និសីទសារព័ត៌មានរួមគ្នានោះ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ក៏បានព្យាយាមទម្លាក់ការទទួលខុសត្រូវចំពោះឧប្បត្តិហេតុទាំងនេះទៅលើទីក្រុងមូស្គូផងដែរ នៅពេលឆ្លើយតបនឹងសំណួរដែលចោទប្រកាន់ថា រុស្ស៊ីបានរំខានរលកសញ្ញា ឬបង្វែរទិសដៅរបស់ដ្រូន។ លោកបានថ្លែងបែបមិនសូវច្បាស់ថា ដ្រូនអ៊ុយក្រែនកំពុងរំលោភ​លើ​ដែនអាកាសរបស់ណាតូ គឺដោយសារតែ «ការវាយប្រហារ​​ពេញលក្ខណៈ​របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ហើយអ៊ុយក្រែនត្រូវតែការពារខ្លួន»។

រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz ក៏បានថ្លែងនៅក្នុងកំឡុងសន្និសីទសារព័ត៌មានរួមគ្នានោះដែរថា អ៊ុយក្រែន «ត្រូវតែមានភាពច្បាស់លាស់ជាងមុន» ក្នុងការប្រើប្រាស់ដ្រូនរបស់ខ្លួន ដែលការលើកឡើងនេះឆ្លុះបញ្ចាំងពីការព្រមានស្រដៀងគ្នានេះពីសំណាក់ប្រទេសអេស្តូនី និងហ្វាំងឡង់ផងដែរ។

ដោយឡែក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី បានអះអាងកាលពីសប្តាហ៍នេះថា ប្រទេសឡេតូនី បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ទឹកដីរបស់ខ្លួន សម្រាប់ការវាយប្រហារដោយដ្រូនទៅលើប្រទេសរុស្ស៊ី។ យ៉ាងណា មន្ត្រីនៃបណ្តាប្រទេសបាល់ទិកបានទាត់ចោលការចោទប្រកាន់នេះ ដោយទទូចថា ទីក្រុងកៀវមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការការពារខ្លួន ប៉ុន្តែបានស្នើឲ្យអ៊ុយក្រែនគ្រប់គ្រងដ្រូនរបស់ខ្លួនឲ្យបានល្អជាងមុន។

ចាប់តាំងពីពាក់កណ្តាលខែមីនាមក ដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន បានហោះកាត់ដែនអាកាសបាល់ទិក និងណូឌីក (Nordic) ជាបន្តបន្ទាប់ ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅនៅភាគពាយព្យនៃប្រទេសរុស្ស៊ី ជាពិសេសគឺស្ថានីយនាំចេញប្រេងនៅក្នុងតំបន់ Leningrad៕

អត្ថបទដែលជាប់ទាក់ទង