លោក ដូណាល់ ត្រាំ ប្ដេជ្ញាតាមកម្ទេចស្តុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ទោះបីទីក្រុងតេហេរ៉ង់ មិនប្រគល់ឲ្យក៏ដោយ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា បានប្ដេជ្ញាថា សហរដ្ឋអាមេរិកនឹងតាមបំផ្លាញស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់របស់ប្រទេសអ៊ីរ៉ង់ នៅពេលណាមួយ ទោះបីជាមានការលើកឡើងពីភាគីទីក្រុងតេហេរ៉ង់ ថា ខ្លួននឹងមិនប្រគល់សារធាតុទាំងនោះឲ្យក៏ដោយ។

ប្រមុខមេដឹកនាំអាមេរិករូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានថា៖ «យើងនឹងយកវាឲ្យបាន! យើងមិនត្រូវការវាទេ ហើយយើងក៏មិនចង់បានវាដែរ។ យើងប្រហែលជានឹងកម្ទេចវាចោល បន្ទាប់ពីយើងទទួលបានវា ប៉ុន្តែយើងនឹងមិនបណ្តោយឲ្យពួកគេរក្សាទុកវាឡើយ»។
ប្រទេសអ៊ីរ៉ង់ត្រូវបានគេជឿជាក់ថា មានផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ប្រហែល ៩០០ ផោន (ប្រមាណ ៤០៨ គីឡូក្រាម) ដែលលោក ត្រាំ បានអះអាងថា ត្រូវបានកប់នៅក្រោមដីដោយសារការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីជិតមួយឆ្នាំមុន។
ដោយឡែក ការដកហូតយកសារធាតុអ៊ុយរ៉ាញ៉ូមនេះដែរ គឺជាផ្នែកមួយនៃគោលបំណងចម្បងរបស់លោក ត្រាំ នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីធានាថាទីក្រុងតេហេរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។
យោងតាមប្រភពជាន់ខ្ពស់របស់អ៊ីរ៉ង់ចំនួនពីររូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានចេញសារាចរណែនាំមួយដោយបញ្ជាថា សារធាតុអ៊ុយរ៉ាញ៉ូមដែលអាចយកទៅផលិតជាអាវុធបានរបស់ប្រទេសនេះ មិនគួរបញ្ជូនទៅក្រៅប្រទេសជាដាច់ខាត។
បើទោះជាបែបនេះក្ដី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio )កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ប្រមុខកងទ័ពប៉ាគីស្ថានទៅកាន់ប្រទេសអ៊ីរ៉ង់ នឹងជួយជំរុញកិច្ចប្រឹងប្រែងផ្នែកការទូតក្នុងការបញ្ចប់សង្គ្រាម ដោយលោកបានកត់សម្គាល់ឃើញថា មានវឌ្ឍនភាពខ្លះៗហើយ៕