ឃាត់ខ្លួនមនុស្ស១០នាក់ សង្ស័យផ្តល់ទីតាំងឱ្យអនីតិជនមើលរឿងអាសអាភាស និងរួមភេទ
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាល និងឃាត់ខ្លួនមនុស្សចំនួន ១០នាក់ ក្នុងនោះមានម្ចាស់ទីតាំង២នាក់ជាប្តីប្រពន្ធ ក្រោយសង្ស័យថា បានផ្តល់ទីតាំងលួចលាក់ឲ្យអនីតិជនមើលរឿងអាសអាភាស និងរួមភេទ។
យោងតាមស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា: “ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១១ព្រឹក ដោយដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌសែនសុខ និងមានការសម្របសម្រួលពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ”។
សមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងផ្ទះលេខ ៦០ និងលេខ 68 ស្ថិតក្នុងបុរីពិភពថ្មីសែនសុខ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា មានក្មេងប្រុសស្រីជាច្រើនគេចពីសាលា មកប្រមូលផ្តុំ និងចេញចូលទីតាំងបិទទ្វារជិតមួយកន្លែង។
អំឡុងពេលចុះត្រួតពិនិត្យនៅផ្ទះលេខ ៦០ ជាន់ទី១ សមត្ថកិច្ចបានប្រទះឃើញមនុស្សប្រុសស្រី២នាក់ជាអនីតិជន ហើយសង្ស័យថា ម្ចាស់ទីតាំងបានផ្តល់បន្ទប់សម្រាប់អនីតិជនរួមភេទ។
ក្រោយការសួរនាំ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានប្រគល់មនុស្សទាំង១០នាក់ទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី ខណៈការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កំពុងបន្តស៊ើបអង្កេត។