ចាប់ជនជាតិចិន១០នាក់ ពាក់ព័ន្ធករណីស្នាក់នៅខុសច្បាប់នៅខេត្តកែប

(កែប)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការបង្ការបង្ក្រាប និងបោសសំអាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងផែនការងារអន្តោប្រវេសន៍ខេត្តកែប ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានសហការចាប់បញ្ជូនជនជាតិចិនចំនួន ១០នាក់ (ស្រីម្នាក់)
ពាក់ព័ន្ធករណីស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន និងហួសសុពលភាពទិដ្ឋាការ) ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី។

ក្នុងរយៈពេលកន្លងមកនេះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានក្រើនរំលឹកដល់បងប្អូនទាំងអស់ ដែលរស់នៅក្នុងខេត្តកែបជាម្ចាស់ផ្ទះជួល រីស៊ត ផ្ទះសំណាក់ និងសណ្ឋាគារ ត្រូវត្រួតពិនិត្យរាល់លិខិតឆ្លងដែនទាំងអស់ របស់ជនបរទេស ដែលមានបំណងជួលសំរាប់ស្នាក់នៅ និងត្រូវរាយការណ៍មកអាជ្ញារធរដែលគ្រប់គ្រងនៅក្នុងឃុំសង្កាត់ នៃទីតាំងអាគាររបស់បងប្អូន និងហាមឃាត់ជាដាច់ខាតពាក់ព័ន្ធទៅនិង (Scam online )។

ក្នុងករណីជួលឲ្យជនបរទេសស្នាក់នៅ ហើយសមត្ថកិច្ចត្រួតពិនិត្យឃើញថា មានជនបរទេសដែលស្នាក់នៅគ្មានលិខិតឆ្លងដែន នោះម្ចាស់ទីតាំងត្រូវពិន័យជាប្រាក់ចំនួន ៤លានរៀលក្នុងម្នាក់ៗ ហើយប្រសិនបើម្ចាស់ទីតាំងពាក់ព័ន្ធ ទៅនឹង Scam Online ទៀតនោះ នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់បន្ថែមទៀត។

សូមបងប្អូនសហការចូលរួមរាយការណ៍ទីតាំងសង្ស័យពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តកែប តាមរយៈលេខ 097 7 553 777 និង 097 2 220 304៕

អត្ថបទដែលជាប់ទាក់ទង