ប្រមុខ UN ព្រួយបារម្ភខ្លាំង ចំពោះការគំរាមវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនជាប្រព័ន្ធ
រុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំនិងខ្លាំងក្លាជាថ្មី លើប្រទេសអ៊ុយក្រែនកាលពីយប់ថ្ងៃអាទិត្យ ដោយបាញ់ដ្រូនរាប់រយគ្រឿងនិងមីស៊ីលជិត ១០០គ្រាប់ បណ្តាលឱ្យមនុស្សបាត់បង់ជីវិត និងរងរបួសរាប់រយនាក់ ដែលកើតឡើងត្រឹមមួយថ្ងៃបន្ទាប់ទីក្រុងមូស្គូប្រកាសឱ្យជនបរទេស អ្នកកាទូតចាកចេញពីទីក្រុងក្រៀវបន្ទាន់ និងគំរាមវាយប្រហារទីតាំងយោធាអ៊ុយក្រែនជាប្រព័ន្ធទៀតផង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres លើកឡើងកាលពីថ្ងៃអង្គារថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រកាសរបស់រុស្ស៊ីថា ខ្លួនមានគម្រោងវាយប្រហារប្រឆាំងនឹងរោងចក្រការពារជាតិអ៊ុយក្រែននិងមជ្ឈមណ្ឌលធ្វើការសម្រេចចិត្តនៅទីក្រុងកៀវ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ។

លោក Guterres ធ្វើការកត់សម្គាល់បែបនេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ទាប់ពីទីក្រុងមូស្គូលើកឡើងកាលពីថ្ងៃចន្ទថា ខ្លួនមានបំណងវាយប្រហារមិនរើសទីតាំងលើអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយលើរដ្ឋធានីកៀវ ចាប់តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានចាប់ផ្តើម។
លោក Guterres និយាយថា ការប្រកាសរបស់រុស្ស៊ីបានកើតឡើងបន្ទាប់ពីមានរបាយការណ៍ថា មានការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនទៅលើអគារមហាវិទ្យាល័យនិងអន្តេវាសិកដ្ឋានមួយក្នុងទីក្រុង Starobilsk ប្រទេសអ៊ុយក្រែន ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
លោកមានប្រសាសន៍ថា៖ « យើងថ្កោលទោសការវាយប្រហារលើសាលារៀន ក៏ដូចជាថ្កោលទោសការវាយប្រហារទាំងអស់លើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល មិនថាវាកើតឡើងនៅទីណាក៏ដោយ»។
លោក Guterres បន្ថែមថា៖ « ឥឡូវនេះ! ច្រើនជាងពេលណាៗទាំងអស់ វាជាការចាំបាច់ ក្នុងការជៀសវាងជម្លោះដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ហើយវាប្រថុយប្រថានក្នុងការធ្វើឱ្យការស្វែងរកសន្តិភាពកាន់តែឃ្លាតឆ្ងាយ ធ្វើឱ្យការឈឺចាប់របស់ប្រជាជនកាន់តែអូសបន្លាយទៅៗ»។
គួរបញ្ជាក់ថា រុស្ស៊ីបានចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ គិតត្រឹមថ្ងៃថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ នេះ សង្គ្រាមរវាងប្រទេសទាំងពីរមានរយៈពេលជាង ៤ឆ្នាំ និង ៣ខែ មកហើយ៕