ស្លាប់ ៣១​នាក់​ទៀតហើយ ក្រោយ​អ៊ីស្រាអែលសម្រុកវាយកម្ទេចភាគខាងត្បូងលីបង់

ស្ថានការណ៍នៅមជ្ឈិមបូព៌ា កំពុងតែឡើងកម្តៅខ្លាំងឡើងវិញហើយ។ ដ្បិត​មានការប្រកាសបទឈប់បាញ់គ្នា ក៏កាលពីថ្ងៃអង្គារ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៦ កងទ័ពអាកាសរបស់អ៊ីស្រាអែល បានបើកការវាយប្រហារយ៉ាងសាហាវ ទៅលើតំបន់ភាគខាងត្បូងប្រទេសលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣១នាក់​បាត់បង់ជីវិតភ្លាមៗ។ ក្នុងនោះ ក្រសួងសុខាភិបាលលីបង់ បានបញ្ជាក់ថា មានទាំងកុមារតូចៗចំនួន ៤នាក់ និងស្ត្រី ៣នាក់ផងដែរ ព្រមទាំងមានមនុស្សរបួសធ្ងន់ស្រាលជាង ៤០នាក់ផ្សេងទៀត។

តាម​ការ​ផ្សាយរបស់ France24 នាថ្ងៃ​ពុធ នេះ អ្វីដែលរន្ធត់បំផុតនោះគឺ ការវាយប្រហាររបស់​អ៊ីស្រាអែល បានកើតឡើងភ្លាមៗ បន្ទាប់ពីមានការចេញបញ្ជាឲ្យប្រជាជនជម្លៀសខ្លួនជាបន្ទាន់ ពីទីក្រុង Nabatieh និងភូមិឋានជិតខាងជាង ៥០កន្លែង។ គ្រាប់បែក បានធ្លាក់ដូចភ្លៀង បង្កើតជាផ្សែងខ្មៅហុយទ្រលោមពេញផ្ទៃមេឃ។ សូម្បីតែមន្ទីរពេទ្យរដ្ឋមួយកន្លែង ក៏រងការខូចខាតខ្ទេចខ្ទីផ្នែកខ្លះ ដោយសារតែគ្រាប់បែកធ្លាក់ចំក្បែរនោះដែរ។ មន្ត្រីយោធាអ៊ីស្រាអែល បានបង្ហើបប្រាប់ថា ពេលនេះកងទ័ពជើងគោករបស់ខ្លួន បានចាប់ផ្តើមវាយលុកចូលជ្រៅទៅក្នុងទឹកដីលីបង់ ហួសពីខ្សែកំណត់ព្រំដែន ដែលធ្លាប់បានប្រកាសពីមុនមកហើយ។

ចំណែកឯខាងក្រុម​សកម្ម​ប្រយុទ្ធ​ហេសប៊ូឡាវិញ ក៏មិនព្រមឈរឱបដៃមើលដែរ។ ពួកគេបានចេញមុខប្រកាសថា កំពុងតែបើកសមរភូមិបាញ់តតាំងគ្នាយ៉ាងសហាវ ជាមួយកងទ័ពជើងគោកអ៊ីស្រាអែល ដែលព្យាយាមសម្រុកចូលមកក្នុងទីប្រជុំជនដ៏សំខាន់មួយ។ ក្រុមហេសប៊ូឡា បានប្រើប្រាស់ទាំងដ្រូនអត្តឃាត និងបាញ់គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ សំដៅទៅលើកងទ័ពអ៊ីស្រាអែល ដើម្បីទប់ទល់មិនឲ្យរុលទៅមុខបាន។ រីឯនៅភាគខាងកើតប្រទេសវិញ គ្រាប់បែករបស់អ៊ីស្រាអែល ក៏បានសម្លាប់មនុស្ស ១១នាក់បន្ថែមទៀត ដែលធ្វើឲ្យក្រុមសង្គ្រោះបន្ទាន់ ត្រូវប្រញាប់ប្រញាល់កាយគំនរបាក់បែកទាំងយប់ទាំងថ្ងៃ។

ប៉ុន្តែ អ្វីដែលពិភពលោកកំពុងតែភ័យខ្លាចបំផុតនៅពេលនេះ គឺការវាយប្រហាររបស់អ៊ីស្រាអែលនៅក្បែរទំនប់ទឹក Qaraoun ដែលជាទំនប់ទឹកធំបំផុតរបស់លីបង់។ អាជ្ញាធរគ្រប់គ្រងទឹក បានចេញព្រមានថា ប្រសិនបើទំនប់ទឹកនេះរងការខូចខាត ឬបែកធ្លាយតែបន្តិច វានឹងបង្កើតជាមហន្តរាយទឹកជំនន់ដ៏ធំធេង លេបត្របាក់ជីវិតមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធនៅផ្នែកខាងក្រោមភ្លាមៗ។

ទោះជាមានការរិះគន់យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសយ៉ាងច្បាស់ថា លោកត្រូវតែបង្កើនប្រតិបត្តិការយោធា និងពង្រីកតំបន់ទ្រនាប់សុវត្ថិភាព ដើម្បីការពារប្រជាជនរបស់ខ្លួន។ ខណៈពេលដែលអង្គការសហប្រជាជាតិ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ព្រោះតែក្នុងមួយថ្ងៃៗ មានការរំលោភបំពានដែនអាកាស និងការបាញ់បោះដាក់គ្នាទៅវិញទៅមករាប់រយលើក ដែលធ្វើឲ្យកិច្ចព្រមព្រៀងឈប់បាញ់ប្រែជាគ្មានន័យ។ គិតចាប់តាំងពីដើមខែមីនាមក ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សនៅក្នុងប្រទេសលីបង់ អស់ជាង ៣ ១០០នាក់ទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង