អាមេរិក​ បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ជាថ្មី ​លើ​អ៊ីរ៉ង់​ ខណៈ​ទី​ក្រុង​តេហេរ៉ង់ ​សងសឹក​វិញ ​ហើយ​បិទច្រក Hormuz ​ទៀត

សង្គ្រាមមជ្ឈិមបូព៌ា កក្រើកឡើងវិញហើយ ដោយសហរដ្ឋអាមេរិក បានបើកការវាយប្រហារទ្រង់ទ្រាយធំថ្មីទៀត លើប្រទេសអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ តាមរយៈការបាញ់លើកប៉ាល់ក្នុងច្រកសមុទ្រ Hormuz និងបិទច្រកនេះ លែងឲ្យមានការធ្វើចរាចរណ៍។

តាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យបើកការវាយប្រហារនេះ ព្រោះលោកមិនពេញចិត្តនឹងអ៊ីរ៉ង់ ដែលហាក់ដូចជាព្រងើយកន្តើយនឹងកិច្ចព្រមព្រៀង សន្តិភាព ពោលគឺធ្វើឲ្យខ្ជះខ្ជាយពេលវេលា ច្រើនទៅៗ។

ក្នុងការវាយប្រហារថ្មីនេះ អាមេរិក បានកំណត់គោលដៅជាចម្បងលើទីតាំងយោធា និងចារកម្ម នៅទីក្រុងជាច្រើន រួមទាំង Bandar Abbas និង Sirik ផងដែរ ខណៈកោះ Qeshm ក្នុងឈូងសមុទ្រពែរ្ស ក៏រងការវាយប្រហារដូចគ្នា។

មិនទុកយូរឡើយ អ៊ីរ៉ង់ បានសងសឹកវិញភ្លាមៗ ដោយបាញ់មីស៊ីល សំដៅលើមូលដ្ឋានយោធាអាមេរិក និងទីស្នាក់ការចារកម្ម ក្នុងតំបន់ដូចគ្នា ហើយក៏ប្រកាសបិទច្រកសមុទ្រ Hormuz ថែមទាំងព្រមានទៀតផងថា កប៉ាល់ណាក៏ដោយ ឲ្យតែនៅរឹង ធ្វើដំណើរឆ្លងកាត់ នឹងរងការវាយប្រហារ ជាក់ជាមិនខានឡើយ។

ស្របពេលជាមួយគ្នានោះ ឆ្មាំបដិវត្ត IRGC បានប្រកាស ពីការបាញ់លើកប៉ាល់ពាណិជ្ជកម្ម ចំនួន ២គ្រឿង ក្នុងអ្វីដែលខ្លួន អះអាងថា ឆ្លងកាត់ច្រក Hormuz ដោយខុសច្បាប់។

សូមជម្រាបថា ភាពតានតឹងថ្មីនេះ ផ្តើមចេញពីការដែលអាមេរិកចោទអ៊ីរ៉ង់ថា បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache នៅក្បែរច្រកសមុទ្រ Hormuz ទើបបណ្តាលឲ្យខ្លួន សងសឹកវិញ។

ចំពោះការសងសឹកមុននេះ បញ្ជាការកណ្តាលអាមេរិក (Centcom) អះអាងថា ខ្លួនបានវាយប្រហារប្រព័ន្ធការពារ និងរ៉ាដារបស់អ៊ីរ៉ង់ ជាច្រើនកន្លែង ខណៈស្នូរផ្ទុះក៏ត្រូវបានគេឮ នៅតាមបណ្តោយឆ្នេរនៃឈូងសមុទ្រពែរ្ស ដូចជានៅតំបន់ Bandar Abbas, Qeshm និង Sirik ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង